ខេត្តស្ទឹងត្រែង ៖ សារលិខិតគោរពជូនពរ និងអបអរសាទរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ មន្ត្រីរាជការ និង ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង សូមសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសដ៏បវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល ពោរពេញដោយសេចក្តីសោមនស្សរីករាយក្រៃលែង សូមគោរពជូនពរ និងអបអរសាទរដ៏ថ្លៃថ្លា នៃខួបចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយក៏ជាថ្ងៃប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋាន សាងសង់ «ព្រែកជីកហ្វូណនតេជោ» ផងដែរ យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីអំណរសាទរ ឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ គោរពជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញលេញ។
ឈានផ្តើមមកតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាល សម្តេចតេជោ ហ៊ុន សែន នៅតែជាវីរជន ដឹកនាំដ៏រឹងមាំខ្លាំងក្លា ក្នុងការអនុវត្តគោលនយោបាយឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដែលសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។ ការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ប្រកបដោយគុណធម៌ សច្ចធម៌ តម្លាភាព និងទទួលបានការគោរពស្រឡាញ់ ជឿទុកចិត្ត ពីគ្រប់មជ្ឈដ្ឋានក្នុងតំបន់ និងសកលលោក។ សម្តេច គឺ ជាមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងជានិមិត្តរូបនៃការឯកភាពជាតិ ការបង្រួបបង្រួមជាតិ ដែលធ្វើឱ្យមាតុភូមិអង្គរ ដ៏បវរនៃយើងទាំងអស់គ្នា មានការអភិវឌ្ឍ រីកចម្រើន ជឿនលឿនយ៉ាងឆាប់រហ័សក្រោមម្លប់នៃសន្តិភាព។
ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ ជូន សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសម ប្រកបដោយពុទ្ធពរ ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ៕
ដោយ ៖ សិលា