ព័ត៌មានទាន់ហេតុការណ៍៖

ការបណ្តុះនិងដាំកូនត្នោតចូលលរួមថែរក្សាការពាររុក្ខាជាតិនិងបង្កើនគម្របបៃតងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ បានចែករំលែកនូវក្តីស្រឡាញ់ របៀបបណ្តុះនិងដាំត្នោតជាមួយគ្រួសារបរិស្ថាន នៅក្នុងស្រុកជុំគីរី ខេត្តកំពត។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា មន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ បានត្រៀមថ្នាល សម្រាប់បណ្តុះកូនត្នោតរួចជាស្រេច ជាមួយការបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ នៅឆ្នាំក្រោយៗ បន្តបន្ទាប់ ដើម្បីបណ្តុះផ្នតគំនិត ពន្លកបៃតង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០% នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតថ្នាលបណ្តុះកូនត្នោត និងបានដាំត្នោតចំនួនបានរាប់ម៉ឺនដើម នៅក្នុងភូមិសាស្រ្តស្រុកជុំគីរី ខេត្តកំពត។ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ក្នុងគោលបំណងលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ។ ជាមួយគ្នានេះ ការដាំត្នោតជាចំការ និងតាមការធ្វើទំនើបកម្មក្នុងការដាំ គឺដាំជាជួរ ដោយមានគម្លាតគម្លាត ៤,៥ម៉ែត្រ ពីមួយដើមទៅមួយដើមទៀត និងគម្លាត ៥ម៉ែត្រ ពីជួមួយទៅជួមួយទៀត។ វិធីសាស្រ្តនេះផ្តល់ភាពងាយស្រួលក្នុងការប្រមូលផល និង អាចជួយឱ្យប្រជាពលរដ្ឋរកចំណូលបាន។ លើសពីនេះ ចំការត្នោតបង្ហាញជូនទេសចរជាតិ អន្តរជាតិ ពីសោភ័ណភាពនៃការដាំ ពីជីវភាពរស់នៅ របស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ ដែលកើតមានតាំងពីយូរលង់ណាស់មកហើយ។

ដើមត្នោតត្រូវបានចាត់បញ្ចូល ជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥។ រុក្ខរបស់ត្នោត ឱ្យផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូចជាផ្តល់គម្របបៃតង និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃ ដូចជាទឹកត្នោត ស្ករត្នោតដែលបានមកពីទឹកត្នោត ប្រភេទអារហារដែលផ្តល់ថាមពល ជួយដល់សុខភាព ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើនបានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖