ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីសន្យាជួយដល់កូរ៉េខាងជើង ទប់ទល់នឹងគ្រោះទឹកជំនន់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា វិមានក្រឹមឡាំង បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា បានផ្ញើសាររំលែកទុក្ខទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ និងបង្កការខូចខាតដល់ផ្ទះរាប់ពាន់ខ្នង។

ជាការឆ្លើយតប កូរ៉េខាងជើងនៅថ្ងៃអាទិត្យ ទី៤ ខែសីហានេះបានឱ្យដឹងថាលោក ពូទីន ក៏មានបំណងផ្ដល់ជំនួយមនុស្សធម៌ភ្លាមៗផងដែរ ដោយធ្វើឱ្យលោក គីម មានអារម្មណ៍រំភើបយ៉ាងពិសេសចំពោះមិត្តដ៏ពិតប្រាកដម្នាក់។ ទីក្រុងព្យុងយ៉ាងបានអះអាងថាភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២៧ ខែកក្កដា បានបណ្ដាលឱ្យមានមនុស្ស ស្លាប់ តែមិនបានបញ្ជាក់ចំនួននោះទេ ហើយដីស្រែចម្ការមួយផ្នែកធំ និងផ្ទះរាប់ពាន់ខ្នងស្ថិតនៅភាគខាងជើងនៃប្រទេសជាប់ព្រំដែនជាមួយចិនបានលិចលង់។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញ Telegram លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមផ្ញើនូវក្ដីអាណិតអាសូរ និងផ្ដល់ការគាំទ្រទៅដល់អ្នកដែលបានបាត់បង់ មនុស្សជាទីស្រឡាញ់ដោយសារតែព្យុះ។ អ្នកអាចពឹងពាក់លើការជួយ និងការគាំទ្ររបស់យើងជានិច្ច»។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានអរគុណ លោក ពូទីន នូវទឹកចិត្តដ៏ប្រពៃ តែលោកបានបញ្ជាក់ថាកូរ៉េខាងជើង បានត្រៀមផែនការរួចជាស្រេចដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ន ហើយប្រសិនបើស្ថិតក្នុងករណីចាំបាច់បន្ទាន់ នោះលោកនឹងស្នើសុំការគាំទ្រពីមិត្តដ៏គួរឱ្យទុកចិត្ត ក្នុងទីក្រុងមូស្គូ៕

ដោយ៖ ធីរីណា(រូបថត​៖ KCNA)


ចែករំលែក៖