ភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាព្រឹកម៉ោង៩:០៩នាទីព្រឹក លោកវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិកនៃក្រសួងសុខាភិបាលបានរៀបចំវាយគង ទូងស្គរ នៅក្នុងបរិវេណទីស្តីការក្រសួងសុខាភិបាល ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ។
ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅភូមិព្រែកតាកែវ ខេត្តកណ្តាល។
ព្រែកជីកហ្វូណនតេជោ នឹងជួយកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ នៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកទំនប់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀតការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕
ដោយ៖ តារា