ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីបន្ធូរបន្ថយភាពតានតឹអាមេរិក បន្ថែមកម្លាំងយោធាទៅកាន់តំបន់មជ្ឈិមបូព៌ា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទទី៥ ខែសីហា ឆ្នាំ២០២៤បានផ្សាយថា សេតវិមានបានឱ្យដឹងថាសហរដ្ឋអាមេរិកកំពុងដាក់ពង្រាយកម្លាំងយោធាបន្ថែមនៅតំបន់មជ្ឈិមបូព៌ា ដែលនេះគឺជាវិធានការមួយ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារខាងលើ។

សេតវិមានបានឱ្យដឹងទៀតថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏គ្រោងកោះប្រជុំក្រុមមន្រ្តីសន្តិសុខជាតិ នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីស្ថានការណ៍វិវត្តនៅមជ្ឈិមបូព៌ា ហើយនឹងជជែកជាមួយព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី ស្តេច Abdullah ផងដែរ។ ដោយផ្អែកលើសេចក្តីរាយការណ៍តាមទូរស័ព្ទពីប្រភពចំនួន ៣ ទីភ្នាក់ងារព័ត៌មានអាមេរិក Axios រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់សមភាគីមកពីបណ្តាប្រទេស G7 ថាអ៊ុីរ៉ង់ និងក្រុម Hezbollah អាចចាប់ផ្តើមវាយប្រហារលើអ៉ីស្រាអែលនៅថ្ងៃដើមសប្តាហ៍នេះ ប៉ុន្តែមិនច្បាស់ទេអំពីរបៀបឬពេលវេលាជាក់លាក់។ នៅពេលត្រូវបានសួរអំពីព័ត៌មាននេះ ក្រសួងការបរទេសអាមេរិក បានលើកឡើងថា ក្រុមរដ្ឋមន្ត្រីបានពិភាក្សាគ្នារួចហើយ អំពីតម្រូវការបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹង។ តាមមន្ទីរបញ្ចកោណ នឹងមានការដាក់ពង្រាយយន្តហោះចម្បាំង នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកទៅកាន់តំបន់មជ្ឈិមបូព៌ាបន្ថែមទៀត។

ភាពតានតឹងក្នុងតំបន់បានកើនឡើង បន្ទាប់ពីការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh នៅឯទីក្រុងតេហេរ៉ង់ នៃប្រទេសអ៉ីរ៉ង់ មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែល លើទីក្រុងបេរូត នៃប្រទេសលីបង់ សម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុម Hezbollah លោក Fuad Shukr។ អ៉ីរ៉ង់ និងក្រុមហាម៉ាស់បានស្តីបន្ទោសអ៉ីស្រាអែលចំពោះការសម្លាប់ លោក Haniyeh លើទឹកដីអ៉ីរ៉ង់ ហើយពួកគេរួមជាមួយនឹងក្រុម Hezbollah ប្តេជ្ញាសងសឹក៕ ដោយ៖ ធីរីណា

រូបថត៖ bao moi.com


ចែករំលែក៖