ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់។
និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតផ្នែកវិទ្យាសាស្រ្ត សុខាភិបាលចំនួន ៤០៣នាក់ (នារី២៧៥នាក់) និងនិស្សិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចំនួន ១៥៨នាក់ (នារី ៥៨នាក់)។
សាកលវិទ្យាពុទ្ធិសាស្ត្រ ជាំគ្រឹះស្ថានឧត្តមសិក្សាមួយ ដែលបាននិងកំពុងរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សដ៏មានសក្តានុពល។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក គ្រូ និង សាស្ដ្រាចារ្យខែ្មរ-បរទេស សរុបចំនួន ៤៧៧នាក់ (នារី១៨៤នាក់) ហើយនិស្សិតដែលកំពុងសិក្សាមានចំនួន ២,៧០៧ នាក់ (នារី ១,៦៧៦នាក់)។ ចាប់ពីឆ្នាំសិក្សា ២០០៦-២០០៧ មកដល់ឆ្នាំសិក្សា ២០២៣-២០២៤ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤,៦០៧នាក់ ( នារី ២,៦៥៧ នាក់ ) គិតទាំងនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រក្នុងថ្ងៃនេះផងដែរ។
សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត គឺជាសាកលវិទ្យាល័យតែមួយគត់នៅប្រទេសកម្ពុជាដែលមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់ឧត្តមសិក្សា លំដាប់ពិភពលោកក្នុង Times Higher Education។ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏ជាសាកលវិទ្យាល័យតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់លេខ៩៩ នៅក្នុង QS World University Ranking—South Eastern Asia 2024។
សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានជាប់ចំណាត់ថ្នាក់លេខ ៦សម្រាប់និស្សិតទទួលបានការងារ ចំណាត់ថ្នាក់លេខ ៧សម្រាប់ការបង្រៀននិងរៀន និងលេខ ១៣សម្រាប់សាកលវិទ្យាល័យទាំងមូល ក្នុងចំណោមសាកលវិទ្យាល័យ ASEAN ចំនួន ៨០ ដែលចេញផ្សាយដោយ AppliedHE Public & Private University Ranking ASEAN ២០២៤។
សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំសន្និសីទស្រាវជ្រាវឱសថចំនួនប្រាំដងជាបន្តបន្ទាប់ និងធំជាងគេក្នុងប្រទេសកម្ពុជានាឆ្នាំ២០២៤ ដែលមានអ្នកជំនាញនិងឧសថការីលើសពី៥៣៨រូប ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់នៃក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលរដ្ឋ និងឯកជនផងដែរ៕
ដោយ៖ តារា