ភ្នំពេញ ៖ នារីម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦:៣០នាទីយប់ ថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៦ A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់បានបើករថយន្តម៉ាកRang Rover ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AG-0928 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីជើងមកត្បូង ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុបានឈប់រថយន្តរួចយកខោអាវទៅដាក់កន្លែងបោកគក់ ភ្លាមៗនោះស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA RAIZE ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BY-4178 បើកបរដោយនារីម្នាក់ធ្វើដំណើរស្របទិសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន រេចង្កូតទៅបុកពីក្រោយរថយន្ត Rang Rover ពេញទំហឹងបណ្ដាលឲ្យខូចខាត បន្តិចបន្តួចផ្នែកខាងក្រោយ ចំណែករថយន្តបង្កវិញក្រឡាប់ផ្ងារជើងនិងរងរបួសនារីជាអ្នកបើកបរបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទៅកាន់ជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ