ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោក KIHARA MINORU រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ នៅទីស្ដីការក្រសួងការពារជាតិ។
លោក KIHARA MINORU បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែសីហា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសវិស័យយោធាកម្ពុជា-ជប៉ុន។
អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានេះ លោករដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏នឹងអញ្ជើញទៅកាន់វត្តតាំងកសាងខាងត្បូង ស្ថិតនៅភូមិក្បាលដំរី សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបំពាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធដល់ កងកម្លាំងការពារសន្តិសុខនៃអង្គការសហប្រជាជាតិ២រូប ដែលជាជនជាតិជប៉ុន ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មការពារសន្តិសុខ នៅកម្ពុជា កាលពីសម័យអ៊ុនតាក់ (១៩៩០-១៩៩៣)។
គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០១៣-២០២៤ កិច្ចសហប្រតិបត្តិការវិស័យយោធាកម្ពុជា-ជប៉ុន បានអនុវត្តយ៉ាងល្អប្រសើរតាមអនុស្សារណៈនៃការយោគយល់គ្នា ដោយផ្តោតលើការងារបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក, ការងារហ្វឹកហ្វឺន និងចូលចតនាវាជាដើម។ ជប៉ុនបានជួយគាំទ្របើកវគ្គហ្វឹកហ្វឺនលើជំនាញមួយចំនួនដល់កម្ពុជាផងដែរ ហើយភាគីទាំងពីរ បានប្តេជ្ញាជំរុញបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈកសាងធនធានមនុស្ស, ការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចការមួយចំនួនទៀតផងដែរ៕
ដោយ៖ តារា