ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដី បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ នៅយប់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចេញល្បាតក្នុងភូមិសាស្រ្ត ដល់ចំណុចមុខតុលាការខេត្តពោធិ៍សាត់ ស្ថិតភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ន រតនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយពាក់ព័ន្ធករណី លួច(ម៉ូតូ) ចំនួន០១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ស្លាកលេខ ពោធិ៍សាត់ 1C-4306 នៅចំណុច បន្ទប់ជួលចំបក់មាស ស្ថិតនៅភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ០៣ ខែសីហា វេលាម៉ោង ១ និង ៤២នាទី យប់ របស់ជនរងគ្រោះ សឿន បញ្ជារ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ព្រងិល ឃុំ ព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អ៊ន រតនា លើកទី២ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង ៣៧ នាទីពេលថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដី បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀតនៅចំណុចភូមិ បន្ទាយដីក្រោម សង្កាត់ បន្ទាយដី ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។
ជនសង្ស័យដែលបានឃាត់ខ្លួនមាន ៖
១-ឈ្មោះ រៀល នេត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ លក់មីឆា រស់នៅភូមិ បន្ទាយក្រោម សង្កាត់ បន្ទាយដី ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកទទួលផលចោរកម្ម)
២-ឈ្មោះ ហង្ស សុវណ្ណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ ទិញអេតចាយ រស់នៅភូមិ បន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកទទួលផលចោរកម្ម)
ដកហូតសម្ភារៈវត្ថុតាងបានដូចជា
១-កង់ម៉ូតូចំនួន០១គូ ពណ៌ខ្មៅ
២-ស្លាកលេខម៉ូតូ ពោធិ៍សាត់1C-3406 ចំនួន០១
៣-ស៊ីផ្លេម៉ូតូចំនួន០១
៤-តួរម៉ូតូ និងម៉ាស៊ីនម៉ូតូ ចំនួន០១
៥-អាវម៉ូតូចំនួន០១គូ
៦-កែបម៉ូតូចំនួន០១
៧-បំពង់ស៊ីមាំងម៉ូតូចំនួន០១
៨-តាប់ឡូម៉ូតូចំនួន០១
៩-ឈ្នាន់ម៉ូតូចំនួន០១គូ ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង នៅព្រឹកថ្ងៃទី០៦ ខែសីហានេះ ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីធ្វើការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ តារា