ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កិច្ចសហប្រតិបត្តិការរួមគ្នា (CLV) មិនមែនជាការដាក់ហ៊ុនរកស៊ីជាមួយគ្នាទេ

ចែករំលែក៖

 ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា កិច្ចសហប្រតិបត្តិការរួមគ្នា (CLV) មិនមែនជាការដាក់ហ៊ុនរកស៊ីជាមួយគ្នារវាងប្រទេសទាំង៣ទេ។ ជាក់ស្តែង ផែនការមេអភិវឌ្ឍន៍ភាគឦសានរបស់យើង គឺយើងមាន២៥ឆ្នាំមកហើយ ក្នុងនោះការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំង៣មានតិចណាស់ ហើយក៏មានផងដែរជំនួយពីជប៉ុន ឬ អាល្លឺម៉ង់ ប៉ុន្តែភាគច្រើននៃសំណង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចគឺខ្មែរធ្វើដោយខ្លួនឯងទាំងអស់នៅខេត្តទាំង៤ រួមទាំងវិស័យឯកជនផង ដូចជាការបង្កើតសាកលវិទ្យាល័យ បង្កើតគ្រឹះស្ថានឧត្តមសិក្សានៅខេត្តទាំងនោះដើម្បីឱ្យកូនខ្មែររៀននៅទីនោះ ឱ្យកូនខ្មែរកាន់តែខ្លាំង គឺខ្មែរធ្វើទាំងអស់ គ្មានបានដាក់ហ៊ុនជាមួយអ្នកណាឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើយើងជាអ្នកវិភាគ យើងត្រូវមើលសមិទ្ធផលនៅលើដីជាក់ស្ដែង។ ជាការពិត ពីមុនយើងអត់មានបង្គោលព្រំដែន យើងបោះបង្គោលព្រំដែន នៅពេលដែលបោះហើយ ដើម្បីកុំឱ្យបង្គោលព្រំដែនដើរ យើងធ្វើផ្លូវក្រវាត់នៅទីនោះទៀត ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងមើលឃើញរាល់ថ្ងៃ រួមទាំងអ្នកដែលព្រួយបារម្ភអាចទៅមើលបានផងដែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមសាទរយ៉ាងកងរំពងចំពោះព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោនាថ្ងៃម្សិលមិញនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចូលរួមព្រឹត្តិការណ៍សាទរការបើកការដ្ឋានព្រែកជីកហ្វូណន បានបង្ហាញឱ្យឃើញច្បាស់នូវកម្លាំងឯកភាពជាធ្លុងក្នុងសង្គមខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ជាមួយនឹងបាវចនា ៥ គឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ បានកំណត់យកអាទិភាព គន្លឹះ ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា» ៕

ដោយ ៖ សិលា


ចែករំលែក៖