ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញក្រុងពោធិ៍សាត់ បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយបានធ្វើសកម្មភាពយកខែ្សភ្លើងរឹតកបម្រុងសម្លាប់នារីជនរងគ្រោះនៅក្នុងបន្ទប់ជួលបណ្តាលឱ្យសន្លប់កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ១០ ស្ថិតនៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ យ៉ែម សុជាតិ ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ធ្វេីតេស្តសារធាតុញៀន វិជ្ជមាន(+) ឈ្លោះប្រកែកគ្នាពាក្យសម្ដីជាមួយឈ្មោះ ម៉េត ស្រីលីន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ជនសង្ស័យឈ្មោះ យ៉ែម សុជាតិ បានធ្វើសកម្មភាពយកខែ្សភ្លើងរឹតកបម្រុងសម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់ជួលបណ្តាលឱ្យសន្លប់និងមានចេញឈាមតាមច្រមុះ។
ក្រោយពីទទួលបាន ព័ត៌មានភ្លាមៗ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ចេញបទបញ្ជាអោយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ចុះទៅទីតាំងកន្លែងកេីតហេតុនិងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រីឯជនរងគ្រោះឈ្មោះ ម៉េត ស្រីលីន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
វត្ថុតាងដែលធ្វេីសកម្មភាព៖
១-ខ្សែភ្លើងពណ៌ខ្មៅប្រវែង ១,២៣ ម៉ែត្រ ។
២-ខ្នើយកើយពណ៌ក្រហមចំនួន ០១ បណ្តោយ ប្រវែង ០,៤៩ ម៉ែត្រ ទទឹង ប្រហែល ០,៣៥ ម៉ែត្រ ។
៣-ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក VIVO ពណ៌ខៀវ ។
សូមបញ្ជាក់៖ ករណីហិង្សាខាងលេីនេះដោយសារការប្រចណ្ឌ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ តារា