ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខេត្តព្រះសីហនុជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនជារបស់អ្នកណាទេ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណប្រទេសមួយដែលមកប្រាប់ថា កុំឱ្យប្រទេសមួយទៀតមកវិនិយោគនៅកំពង់សោមប្រយ័ត្នបាត់អធិបតេយ្យភាព។ ប្រទេសនោះបានប្រាប់សម្ដេចកុំទុកចិត្តប្រទេសមួយហ្នឹងព្រោះគេចង់បានកន្លែងហ្នឹងតាមរយៈការធ្វើសកម្មភាពនៅកំពង់សោម។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅវិញថា ប្រជាពលរដ្ឋខ្មែរមិនល្ងង់ទេ យើងក៏មានសមត្ថភាពមើលដែរថាអ្វីល្អឬអាក្រក់ ជាក់ស្តែងមកដល់ពេលនេះ កំពង់សោមមិនមានការបាត់បង់អធិបតេយ្យភាពនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំគម្រោង៥ឆ្នាំហើយដើម្បីពង្រឹងខេត្តជាប់សមុទ្ររបស់យើងជាសក្តានុពល និងជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនគ្រាប់ពេជ្ររបស់អ្នកណាទេ ពោលគឺយើងពង្រឹងខ្លួនឯង យើងម្ចាស់ការខ្លួនឯង ដោយខិតខំបង្កើនធនធានមនុស្សដើម្បីចេញទៅធ្វើការនៅគ្រប់កន្លែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា មានបរទេសខ្លះប្រាប់សម្តេចថាការឱ្យចិនវិនិយោគនៅព្រះសីហនុ នឹងធ្វើឱ្យបាត់អធិបតេយ្យជាតិ តែសម្តេចតបទៅវិញ អរគុណដែលបានប្រាប់ ប៉ុន្តែគ្មាននរណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងសម័យនេះមិនអាចរស់នៅដាច់ដោយឡែកបាននោះឡើយ គឺត្រូវមានទំនាក់ទំនង និងការរកស៊ីជាមួយគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិ គឺជាការធ្វើអត្តឃាតនយោបាយ ហើយពលរដ្ឋមិនលើកលែងឱ្យនោះឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖