ព័ត៌មានទាន់ហេតុការណ៍៖

វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរ នៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ÷ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ខែសីហាឆ្នាំ២០២៤បានចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរ នៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានវិលត្រឡប់មកមាតុ ប្រទេសកម្ពុជាវិញ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូន ដំណឹងដល់សាធារណជនជ្រាបថា ក្រសួងបាន សហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ និង សម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន ២៦នាក់បន្ថែមទៀត បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ប្រកបដោយសុវត្ថិភាព។ គិតត្រឹមថ្ងៃនេះក្រសួងបានរៀបចំឱ្យបងប្អូន ពលការិនីវិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ១០៤នាក់រួចហើយ។

ការមកដល់របស់បងប្អូនពលការិនី ត្រូវបានទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង ដោយបងប្អូនពលការិនីបានជួបជុំជាមួយក្រុមគ្រួសារប្រកបដោយភាពនឹករលឹក និងសប្បាយរីករាយ។

បន្ថែម ពីនេះទៀត មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក៏បានផ្តល់ការពិនិត្យសុខភាពដល់បងប្អូនពលការិនី ណែនាំអំពី ឱកាសការងារដើម្បីផ្តល់ការងារថ្មីធ្វើ និងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំង បានជូនបងប្អូនពលការិនីទៅកាន់គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព៕


ចែករំលែក៖