ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់មានវិបត្តិស្នេហាបែកបាក់ បានដើរឡើងទៅលើស្ពានជ្រោយចង្វាប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងដោយលោតទឹក តែត្រូវបានអ្នកដំណើរតាមផ្លូវឃើញទាន់ជួយចាប់ឃាត់ទាន់ពេលវេលា។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នារីវ័យក្មេងដែលប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចនេះមិនត្រូវបានស្គាត់អត្តសញ្ញាណនោះទេ មានអាយុជាង២០ឆ្នាំ ដោយសារតែខូចចិត្តព្រោះបែកបាក់ស្នេហាទើបនាងមកលោតទឹកសម្លាប់ខ្លួន តែការប៉ុនប៉ងរបស់នាងមិនបានសម្រេចនោះទេ។ បន្ទាប់ពីប្រជាពលរដ្ឋចាប់ឃាត់ទាន់ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមកនាំយកទៅសួរនាំ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានទៅនាំយកទៅសំចតនៅគោលដៅប្រចាំការស្ពាន ដើម្បីធ្វើការអប់រំណែនាំផ្តល់កម្លាំង ចិត្តឱ្យនាងគិតវែងឆ្ងាយ និងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ ៕ ដោយជ្រោយពេជ្រ