ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាបណ្ណសារ ដើម្បីធ្វើការពិភាក្សា និងអនុម័តលើបទបញ្ជាផ្ទៃក្នុងនៃការប្រជុំរបស់ក្រុមប្រឹក្សាបណ្ណសារ និងពិភាក្សាលើការកំណត់ទិសដៅអាទិភាពការងារ ស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាមន្រ្តីជាន់ខ្ពស់តាមបណ្តាក្រសួង-ស្ថាប័ននានា និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធាន និងជាសមាជិក សមាជិកា នៃក្រុមប្រឹក្សាបណ្ណសារជាច្រើនរូប។
មានប្រសាសន៍បើកកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកកិច្ចប្រជុំនេះ គឺជាជំហានដំបូងដ៏មានសារៈសំខាន់សម្រាប់ក្រុមប្រឹក្សាបណ្ណសារ ដើម្បីចាប់ផ្ដើមដំណើរការសកម្មភាពតួនាទីភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ស្តីពីបណ្ណសារ និងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាបណ្ណសារ។ ក្រុមប្រឹក្សាបណ្ណសារ មានតួនាទីសំខាន់ៗមួយចំនួនដូចជាធ្វើសំណើអំពីគោលនយោបាយក្នុងការគ្រប់គ្រងបណ្ណសារ, កំណត់នូវគោលការណ៍ និងនីតិវិធីក្នុងការជ្រើសរើស វាយតម្លៃ និងការបំផ្លាញចោលអន្តរបណ្ណសារ, ការរក្សាទុកបណ្ណសារស្ថាពរ និងអំពីរយៈពេលកំណត់ក្នុងការប្រគល់នូវបណ្ណសារសាធារណៈ និងផ្ដល់យោបល់ទាក់ទងនឹងបណ្ណសារឯកជនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ឬបេតិកភណ្ឌជាតិ។ ដូចនេះ ក្រុមប្រឹក្សាបណ្ណសារត្រូវរៀបចំគោលការណ៍ និងនីតិវិធីផ្សេងៗក្នុងការគ្រប់គ្រងឯកសារ និងបណ្ណសារទូទាំងប្រទេសឱ្យមានការឯកភាពគ្នា ជាពិសេសរក្សាបាននូវបណ្ណសារដែលជាប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិសម្រាប់ការសិក្សាស្រាវជ្រាវ និងជាភស្តុតាងសម្រាប់មូលដ្ឋានឯកសារគតិយុត្តក៏ដូចជាការរៀបចំគោលនយោបាយសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា បណ្ណសារ គឺជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ ដែលផ្ទុកនូវព័ត៌មានពិតជាក់ស្ដែង ជាភស្ដុតាងប្រវត្តិសាស្ត្រ នៃការវិវត្តរបស់សង្គមជាតិ ជាប្រភពសម្រាប់ការសិក្សាស្រាវជ្រាវ និងជាបទពិសោធសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ដូច្នេះហើយបានជាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសបណ្តាប្រទេសអភិវឌ្ឍបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ការគ្រប់គ្រងថែរក្សាឯកសារនិងបណ្ណសារបានល្អត្រឹមត្រូវ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងការប្រឆាំងព័ត៌មានមិនពិតផងដែរ។ មនុស្សអាចបាត់បងជីវិតទៅបាន ប៉ុន្តែបណ្ណសារដែលកត់ត្រាពីស្នាដៃ និងសកម្មភាពការងាររបស់មនុស្សមិនអាចបាត់បង់បានទេ ហេតុនេះត្រូវតែយកចិត្ត ទុកដាក់គ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារទាំងនោះឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យបណ្ណសារ ដោយបានបង្កើតឱ្យមាននាយកដ្ឋានតម្កល់ឯកសារជាតិ ដើម្បីប្រមូល ទទួល គ្រប់គ្រង ថែរក្សា សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបណ្ណសារ សាធារណៈដែលបន្សល់ទុកមកតាំងពីសម័យអាណាព្យាបាលបារាំងរហូតដល់បច្ចុប្បន្ន។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ការគ្រប់គ្រងបណ្ណសារ គឺជាកិច្ចការដ៏ធំ និងមានចរិតយុទ្ធសាស្រ្ត។ ក៏ប៉ុន្តែការគ្រប់គ្រង ការថែរក្សាទុក និងការអភិវឌ្ឍនៃវិស័យបណ្ណសារនៅកម្ពុជាយើង នៅមានកម្រិត និងមិនទាន់អាចឆ្លើយតបបានសមស្របនៅឡើយ ដោយសារយើងមិនទាន់មាននិហិតដ្ឋាន ឬឃ្លាំង និងប្រព័ន្ធគ្រប់គ្រងបណ្ណសារ ដែលមានលក្ខណៈស្តង់ដារួម ហើយបណ្ណសារភាគច្រើនមានសភាពពុកផុយ រីឯការជួសជុល និងការធ្វើជាទម្រង់ឌីជីថលបណ្ណសារសម្រេចបានតិចតួច ដោយសារខ្វះឧបករណ៍សម្ភារៈបច្ចេកទេស ជាពិសេសមន្ត្រី ទាំងចំនួនមន្រ្តី និងទាំងការយល់ដឹងរបស់មន្រ្តីពាក់ព័ន្ធនឹងការគ្រប់គ្រងបណ្ណសារ។ នេះមិនទាន់និយាយដល់ការធ្វើឌីជីថលភាវូបនីយកម្មនៃការគ្រប់ក្រងបណ្ណសារ ដែលជានិន្នាការ និងការប្រតិបត្តិនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ដោយមើលឃើញពីសារៈសំខាន់នៃវិស័យបណ្ណសារនេះ កន្លងមកទីស្តីការគណៈរដ្ឋមន្រ្តីបានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីរៀបចំតាក់តែងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការសកម្មភាពនៃការងារបណ្ណសារ និងកិច្ចការរាជកិច្ច កាលពីខែតុលា ឆ្នាំ២០២៣ ហើយលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចខាងលើដោយផ្ទាល់ និងបានអនុម័តលើសេចក្តីព្រាងឯកសារទស្សនាទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងតម្កល់ឯកសារជាតិរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពចំនួន១០។
ទន្ទឹមនេះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់នូវអនុសាសន៍ជាការតម្រង់ទិសដៅការងារមួយចំនួន ដូចជា៖
(១).ការពិនិត្យលើសមាសភាពដែលត្រូវដាក់បន្ថែមជាសមាជិកក្រុមប្រឹក្សាបណ្ណសារគ្រប់ស្ថាប័នដែលចាំបាច់ ឱ្យគ្រប់ជ្រុងជ្រោយ។
(២).ការរៀបចំក្រុមការងារចំពោះកិច្ចដើម្បីរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្ណសារថ្មី ឱ្យស្របទៅនឹងទិដ្ឋភាពបច្ចុប្បន្នរបស់កម្ពុជា ជាពិសេសការវិវត្តនៃវិស័យឌីជីថល ។
(៣).ការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងថែរក្សាបណ្ណសារសាធារណៈ ដើម្បីពង្រឹងការគ្រប់គ្រងថែរក្សាបណ្ណសារចំពោះមុខ ជាពិសេសពាក់ព័ន្ធនឹងការរក្សាទុក ឬបំផ្លាញចោលបណ្ណសារ ក៏ដូចជាការរៀបចំអង្គភាពទទួលបន្ទុកការងារបណ្ណសារ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
(៤). ការរៀបចំក្របខណ្ឌផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព សម្រាប់រយៈពេលខ្លី មធ្យម និងវែង ដោយផ្តោតជាពិសេសលើការរក្សាទុកបណ្ណសារដែលមានស្រាប់។
(៥). ការរៀបចំក្របខណ្ឌរួម និងកម្មវិធីបណ្តុះបណ្តាលរួមកម្រិតជាតិ សម្រាប់ផ្តល់ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងបណ្ណសារដល់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសហការជាមួយដៃគូពាក់ព័ន្ធ ។
និង (៦). បន្តកិច្ចសហការ ជាមួយដៃគូដើម្បីជួយជំរុញកិច្ចការបណ្ណសារបន្ថែមទៀត។
បន្ទាប់មក អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុស និងបានអនុម័តលើបទបញ្ជាផ្ទៃក្នុងនៃការប្រជុំរបស់ក្រុមប្រឹក្សាបណ្ណសារ និងទិសដៅការងារ ដែលត្រូវអនុវត្តបន្ត ៕
ដោយ ៖ សិលា