ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចប្រធានរដ្ឋសភា៖ វប្បធម៌ សិល្បៈ ជាដួងព្រលឹងជាតិ និងជាច្រករបៀងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក ដែលអាចទាក់ទាញទេសចរ ពាណិជ្ជកម្ម ជួយសង្គមជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់គណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅវិមានរដ្ឋសភា នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះវត្តមាន លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន និងសហការី និងសម្តែងនូវការអបអរសាទរចំពោះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបានការបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានសមាគមនៅក្នុងអាណត្តិទី៦នេះ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ស្ថាបនិក ថ្នាក់ដឹកនាំ សិល្បករ សិល្បការី ទាំងអស់ ដែលបានបង្កើត និងដឹកនាំសមាគមសិល្បករខ្មែរ នៅក្នុងបុព្វហេតុមនុស្សធម៌ និងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ សិល្បៈ ដែលជាដួងព្រលឹងរបស់ជាតិ ដូចសុភាសិតខ្មែរពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។

សម្តេចប្រធានរដ្ឋសភា បានថ្លែងកោតសរសើរដល់សមាគមសិល្បករខ្មែរ ដែលបានធ្វើសកម្មភាពមនុស្សធម៌ និងការជួយសង្គម ដូចជា កុមារ ស្ត្រីចាស់ជរា ជនពិការ ក៏ដូចជាការចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ជាពិសេសការជួយឧបត្ថម្ភគាំទ្រដល់សិល្បករ សិល្បការិនី ចាស់ជរា និងមានជំងឺ ដែលសកម្មភាពនេះជាកាយវិការដ៏ប្រពៃថ្លៃថ្លា មិនត្រឹមជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ តែជាការលើកកម្ពស់ថែរក្សានូវមរតករស់ដែលជាធនធានដ៏មានតម្លៃពោរពេញដោយបទពិសោធរបស់សង្គមជាតិ។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមអាណត្តិទី៦ បន្តយកចិត្តទុកដាក់គាស់កកាយនូវសិល្បៈខ្មែរដែលស្ទើរបាត់បង់ ឬបានបាត់បង់ទៅហើយ ឱ្យមានសកម្មភាពឡើងវិញ ជាមួយនឹងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី ស្របតាមបរិបទនៃសម័យឌីជីថល ក្នុងន័យថែរក្សាផង និងអភិវឌ្ឍន៍ផង ដើម្បីធ្វើយ៉ាងណារក្សាបាននូវវប្បធម៌ ប្រពៃណីល្អផូរផង់ និងសម្បូរបែបរបស់ខ្មែរពីសម័យមហានគរឱ្យបានគង់វង្ស ហើយមានការរីកចម្រើនឡើង។ 

នៅត្រង់ចំនុចនេះ សម្តេចបានលើកជាឧទាហរណ៍ពីខេត្តឃ្យុងសាងប៊ុកដូរបស់សាធារណរដ្ឋកូរ៉េមកបង្ហាញ។ ខេត្តឃ្យុងសាងប៊ុកដូ ជាទឹកដីមួយដែលមានវប្បធម៌ដ៏ចំណាស់ និងសម្បូរបែប។ គេបានច្នៃប្រឌិតវប្បធម៌ សិល្បៈរបស់គេបូកបញ្ចូលនឹងបច្ចេកវិទ្យាទំនើប ដោយរួមសហការជាមួយវប្បធម៌បរទេស រួមទាំងកម្ពុជាផង បង្កើតបានជាទស្សនីយភាពទាក់ទាញ អាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

សម្តេចប្រធានរដ្ឋសភា បានជំរុញឱ្យមានការបង្កើតកិច្ចសហការជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងជាមួយវិស័យឯកជន ដើម្បីជំរុញឱ្យមានការបណ្តុះបណ្តាលសិល្បករសិក្បការិនី និងអ្នកពាក់ព័ន្ធ។ 

ក្នុងនោះដែរ សម្តេចរដ្ឋសភាធិបតី បានជំរុញលើកទឹកចិត្តដល់ស្រ្តីនាសម័យបច្ចុប្បន្នក្នុងការបំពេញតួនាទីជាអ្នកដឹកនាំ រួមចំណែកដល់ការអភិវឌ្ឍសង្គម បន្ថែមលើតួនាទីជាស្រ្តីមើលថែគ្រួសារ។ 

សម្តេចបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពថ្មីរបស់សមាគម ក្នុងនោះការបង្កើតរចនាសម្ព័ន្ធរបស់សមាគម ដែលមានភាពគ្រប់ជ្រុងជ្រោយ ប្រមូលផ្តុំគ្រប់ជំនាញ ជាអាទិ៍ ផ្នែកកៀរគរមូលនិធិ ដែលអាចជាយន្តការ ជំរុញឱ្យចលនាចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់ បង្កើតបានជាធនធានហិរញ្ញវត្ថុរឹងមាំមួយ សំដៅធានាបាននូវនិរន្តរភាពរបស់សមាគម ដើម្បីវឌ្ឍនភាពនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា គ្រប់ជាតិសាសន៍លើសកលលោកកំពុងផ្តោតការយកចិត្តទុកដាក់អំពីវប្បធម៌ ធ្វើជាច្រករបៀងសំខាន់នៅក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិនីមួយៗ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរ។ ក្នុងន័យនេះ សិល្បៈជាស្ពានភ្ជាប់ទំនាក់ទំនងបុគ្គល និងបុគ្គល ដោយមិនបាច់ប្រើភាសា និងជាការទូតដ៏មានប្រសិទ្ធភាពផងដែរ សំដៅបម្រើផលប្រយោជន៍ប្រទេស និងប្រជាជន។

សូមជម្រាបថា សមាគមសិល្បករខ្មែរបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ ដែលមានបុព្វហេតុដើម គឺការប្រមូលផ្តុំ និងចងក្រងសិល្បករជាក្រុម ដើម្បីជួយទ្រទ្រង់ និងគាំទ្រគ្នាទៅវិញទៅមក។ 

លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ និងការយកចិត្តទុកដាក់ពីសំណាក់ឥស្សរជនជាន់ខ្ពស់ជាតិ មាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី សមាគមបានពង្រីក និងធ្វើសកម្មភាពកាន់តែច្រើនឡើង ក្នុងទស្សនវិស័យច្បាស់លាស់ ដើម្បីលើកកម្ពស់វប្បធម៌ជាតិ ធ្វើសកម្មភាពមនុស្សធម៌ ការអប់រំផ្សព្វផ្សាយ ជូនពលរដ្ឋពីបញ្ហាសីលធម៌សង្គម សុជីវធម៌ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំងឺអេដស៍ និងថ្មីៗនេះ ការផលិតវីដេអូអំពីការអបអរសាទរមហាព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ និងគម្រោង “ស្នាមញញឹម” ជាដើម។

លោកស្រីអ្នកឧកញ៉ា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមានតម្លៃទទួលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមនាឱកាសនេះ ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗ ដើម្បីសមាគមយកទៅអនុវត្តបន្ត។ 

ប្រធានសមាគមសិល្បករខ្មែរបានសម្តែងការកោតសរសើរ និងលើកឡើងថា សម្តេចប្រធានរដ្ឋសភា ជាឥស្សរជនស្រ្តីឆ្នើមមួយរូបពោរពេញដោយបទពិសោធ និងភាពប៉ិនប្រសប់ និងជានិមិត្តរូបរបស់ស្រ្តីកម្ពុជា។ ការទទួលបានតួនាទីជាថ្នាក់ដឹកនាំប្រធានរដ្ឋសភា ជាមោទនភាពរបស់ស្រ្តីកម្ពុជាទាំងមូល។ 

សម្តេចប្រធានរដ្ឋសភា មានសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន សមាគមនឹងរីកចម្រើនជាបន្តបន្ទាប់ទៀត ប្រកបដោយនិរន្តរភាព ហើយនឹងក្លាយជាចលនាមហាជននៅក្នុងការថែររក្សា និងលើកកម្ពស់វប្បធម៌ជាតិ។ 

សម្តេចបានគូសបញ្ជាក់ថា សិល្បៈមិនត្រឹមផ្តល់ការកម្សាន្តសប្បាយរីករាយដល់មហាជនប៉ុណ្ណោះទេ តែសិល្បករ សិល្បការិនី គឺជាតួអង្គគំរូ និងជាបុគ្គលដ៏មានសក្ដានុពល ដែលមានប្រភពចេញពីមជ្ឈដ្ឋាននៃវប្បធម៌ផ្សេងៗ ដែលអាចជួយដល់ប្រទេសជាតិរបស់ខ្លួន តាមរយៈទេពកោសល្យ និងការសម្តែង ក្នុងគោលដៅបណ្តុះគំនិត អប់រំ លើកទឹកចិត្ត និងញ៉ាំងឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖