ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សខ្មែរតែមួយ ចេញញត្តិថ្កោលទោសជនទណ្ឌិត សម រង្ស៊ី ព្យាយាមញុះញង់ពលរដ្ឋខ្មែរយកជីវិតទៅស្លាប់ក្នុងបាតុកម្មហិង្សាដូចប្រទេសបង់ក្លាដេស

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សខ្មែរតែមួយចាត់ទុកទង្វើទណ្ឌិតរូបនេះ ជាទង្វើក្បត់ជាតិ និងបំផ្លាញជាតិ សាសន៍ឯង។

ញត្តិថ្កោលទោស

ទណ្ឌិត សម រង្ស៊ី ព្យាយាមញុះញង់ឲ្យពលរដ្ឋខ្មែរយកជីវិតទៅស្លាប់ រាប់រយនាក់ក្នុងបាតុកម្មហឹង្សាដូចប្រទេសបង់ក្លាដេស ដោយចាត់ទុកថា ជាទង្វើជនបំផ្លាញជាតិសាសន៍ឯង។ 

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ផេកផ្លូវការណ៍របស់ទណ្ឌិត សម រង្ស៊ី បានធ្វើការផ្សព្វផ្សាយវីដេអូដែលមានរយៈ ពេល ១នាទី១៣វិនាទី បានបញ្ជាក់ថា បាតុកម្មនាប្រទេសបង់ក្លាដេស គឺមានបាតុករជាង៣០០នាក់ត្រូវស្លាប់ រហូតទើបធ្វើ ឲ្យរដ្ឋាភិបាលបង់ក្លាដេសអាណិតប្រជាពលរដ្ឋខ្លួន សម្រេចនាំមេដឹកនាំប្រទេសចាកចេញពីប្រទេស ហើយនៅទីបំផុតក្រុម បាតុករក៏បានជោគជ័យ។ ការនិយាយរបស់ទណ្ឌិត សម រង្ស៊ី នេះគឺមានលក្ខណៈញុះញង់ ប៉ះបំបោរចង់ផ្ដួលរលំរាជារដ្ឋាភិបាលស្របច្បាប់ ចង់ឲ្យពលរដ្ឋខ្មែរយកជីវិតទៅធ្វើបាតុកម្មហឹង្សាស្លាប់ឲ្យបានច្រើនរយនាក់ដូចប្រទេសបង់ក្លាដេស។

គណបក្សខ្មែរតែមួយ យល់ឃើញថានេះគឺជាទង្វើដ៏អាក្រក់បំផុតដែលរូបទណ្ឌិត សម រង្ស៊ី បាននឹងកំពុងប្រមាថ ជីវិតរបស់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ដោយព្យាយាមញុះញង់អូសទាញពលរដ្ឋឲ្យយកជីវិតទៅស្លាប់ដើម្បីបម្រើមហិច្ឆិតា និង គំនុំរបស់ខ្លួន។ អស់រយៈពេលជាច្រើនឆ្នាំមកនេះទណ្ឌិត សម រង្ស៊ី តែងបានបំផុសបំផុលញុះញង់ពលរដ្ឋគ្រប់រូបភាព ដើម្បីធ្វើអោយប្រទេសជាតិមានចលាចលមិនឈប់មិនឈរ។

គណបក្សខ្មែរតែមួយ សូមថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៊ី និងបុគ្គលអ្នកនយោបាយទាំងឡាយណាដែលព្យាយាមញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរយកជីវិតទៅស្លាប់ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន និងសូមអំពាវដល់បងប្អូនខ្មែរទូទាំងប្រទេស សូមកុំជឿ និងលុងអ្នកនយោបាយណាមួយដែលអូសទាញឲ្យបងប្អូនទាំងអស់ឲ្យខាតបង់ផលប្រយោជន៍ និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ និងសូមចាត់ទុកបុគ្គលទណ្ឌិត សម រង្ស៊ី ថាជាជនបំផ្លាញ ជាតិសាសន៍ ដែលច្បាប់មិនគួរត្រូវលើកលែងជាដាច់ខាត។

គណបក្សខ្មែរតែមួយ សូមប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ និងកម្ចាត់ចោលនយោបាយជ្រុលនិយមទាំងឡាយណា ដែលធ្វើសកម្មភាពនយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុង ដើម្បីបម្រើនយោបាយឱ្យបរទេស ឈ្លានពាន ជាមួយភាពទុច្ចរិតក្នុងការប៉ុនប៉ងដណ្តើមអំណាចស្របច្បាប់របស់កម្ពុជា គឺត្រូវតែកម្ចាត់ជនទាំងឡាយនោះ ឱ្យបានជាដាច់ខាត និងសូមប្រកាសចូលរួមចំណែកការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអនុវត្តតាមច្បាប់គណបក្សនយោបាយនៅកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖