ព័ត៌មានទាន់ហេតុការណ៍៖

តំណាង​អយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ សម្រេច​ចោទប្រកាន់ក្មេងទំនើងចំនួន៤នាក់​ ពីបទ “លួចមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា”

ចែករំលែក៖

ខេត្ត​កំពង់​ចាម​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ទី​១០​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមក្មេងទំនើង១ ក្រុមមានគ្នាចំនួន ៦នាក់ បានធ្វើសកម្មភាពលួច, បំផ្លិចបំផ្លាញ បង្គោលភ្លើងសូឡា និងវាយផ្តួលបង្គោលស្លាកគម្រោងមូលនិធិឃុំធ្វើអំពីបេតុងនៅ ចំណុចភូមិកំពង់ត្រុំក្រោម និង ភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។

បន្ទាប់ពីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរួចមកឃើញថា៖ កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចកើតហេតុខាងលើឈ្មោះ ខេន ឡខា បានចូលទៅលួចកង់របស់ឈ្មោះ ឈាន់ អន់ ភេទប្រុស អាយុ៤៥ឆ្នាំ បន្ទាប់មកក្រុមជនសង្ស័យទាំងអស់បាននាំគ្នាទៅលួចគាស់តូបលក់ឥវ៉ាន់គេ ដោយលួចយកទឹក ក្រូច ស្រាបៀរអង្ករចំនួន ១កេស និងមីខ្លាឃ្មុំមួយចំនួនទៀត។ ក្រោយពីលួចបាន ក្រុមជនសង្ស័យខាងលើបាន បន្តធ្វើសកម្មភាពធាក់បំផ្លាញបង្គោលសូឡាដែលបំភ្លឺនៅតាមដងផ្លូវអស់ចំនួន៣ដើម និងផ្តួលបំបាក់ស្លាកគម្រោង មូលនិធិឃុំធ្វើអំពីបេតុងអស់ចំនួន២ដើម ។ 

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមការដឹកនាំ និងសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត កំពង់ចាម បានចុះដល់ទីតាំងកើតហេតុ និងស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ រួមមាន៖ ១. ឈ្មោះ ជា ចិន ភេទប្រុស អាយុ១៥ឆ្នាំ, ២. ឈ្មោះ ខេន ឡខា ភេទប្រុស អាយុ១៧ឆ្នាំ, ៣. ឈ្មោះ កែម សុខលាប ភេទប្រុសអាយុ២២ ឆ្នាំ, ៤. ឈ្មោះ ស្រី ម៉េងរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ, ៥. ឈ្មោះ រីម សុបញ្ញា ភេទប្រុស អាយុ១៣ឆ្នាំ និង ៦. ឈ្មោះ ថន វឌ្ឍនា ភេទស្រី អាយុ១៣ឆ្នាំ ប៉ុន្តែដោយជនសង្ស័យឈ្មោះ រីម សុបញ្ញា និង ឈ្មោះ ថន វឌ្ឍនា ជាអនីតិជនអាយុក្រោម១៤ឆ្នាំ ត្រូវបានប្រគល់ជូនអាណាព្យាបាលវិញដើម្បីធ្វើការអប់រំ ។

បន្ទាប់ពីបានសួរចម្លើយជនសង្ស័យខាងលើ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេច ធ្វើការចោទប្រកាន់លើជនសង្ស័យចំនួន៤នាក់ខាងលើពីបទ “លួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយ ចេតនា” ប្រព្រឹត្តនៅចំណុចភូមិកំពង់ត្រុំក្រោម និងភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៣៥៣, ៣៥៧ និង៤១០ នៃក្រមព្រហ្មទណ្ឌ និងបានស្នើសុំឲ្យ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនសង្ស័យទាំង ៤នាក់ខាងលើ៕

ដោយ៖ តារា


ចែករំលែក៖