ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់ដែលគ្រូចាប់បានជក់បារីអគ្គិសនី ហើយមិនហ៊ានចូលផ្ទះខ្លាចឪពុកម្តាយស្តីបន្តោស ពេលនេះរកឃើញវិញហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសអាយុក្រោម១០ឆ្នាំ២នាក់ជាសិស្សានុសិស្សសាលាបឋមសិក្សាឫស្សីកែវ ដែលបាត់ខ្លួនមិនឃើញត្រឡប់ទៅផ្ទះ បន្ទាប់ពីជក់បារីអគ្គិសនីក្នុងសាលា ហើយត្រូវបានគ្រូនាយកសាលាចាប់បាន ហើយរាយការណ៍ទៅឪពុកម្តាយ ជាហេតុធ្វើឲ្យក្មេងទាំង២នាក់នោះមិនហ៊ានចូលផ្ទះព្រោះខ្លាចឪពុកម្តាយស្តីបន្តោស ឬ វាយ ពួកគេ ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ឪពុកម្តាយបានរកពួកគេឃើញនៅផ្លូវ អូតែលសុខា ជ្រោយចង្វា ។

សិស្សានុសិស្សទាំង២នាក់មានឈ្មោះ

១- ឈ្មោះ ស .ស.ក.ដ ភេទប្រុស អាយុ ៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០២ ផ្លូវបេតុង ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

២- ឈ្មោះ វ.ត.ច.ន.ទ ភេទប្រុស អាយុ ១០ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៥០ ភូមិមិត្តភាព សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៩ និង ៣០នាទី សាលាបឋមសិក្សាឫស្សីកែវបានប្រកាសបាត់ខ្លួនក្មេងប្រុស២នាក់ បន្ទាប់ពីនាយកសាលា ចាប់បានសិស្សានុសិស្ស២នាក់ដែលសង្ងំជក់បារី អេឡិចត្រូនិក នៅក្នុងសាលា ទាំងដែលវ័យរបស់ពួកគេទើបតែ ៧ ទៅ៨ឆ្នាំតែប៉ុណ្ណោះ បន្ទាប់ចាប់ពួកគេយកមកការិយាល័យសិស្សដើម្បីអប់រំណែនាំរួចលោកគ្រូនាយកក៏បានរាយការណ៍ ទៅអាណាព្យាបាលរបស់ពួកគេ ឲ្យបានដឹងរឿងអំពីកូនៗរបស់ពួកគាត់ ដើម្បីអប់រំណែនាំ កាត់ផ្តាច់ឬ ឈប់ជក់បារីអគ្គិសនីទៀត។

បន្ទាប់ពីរឿងរ៉ាវនេះបានកើតឡើង ធ្វើឲ្យក្មេងប្រុស២នាក់នោះ ភ័យមិនហ៊ានចូលផ្ទះពេញមួយយប់ ធ្វើឲ្យឪពុកម្តាយរបស់ពួកគេ តាមស្វែងរកកូន គ្រប់ទីកន្លែង និង វត្តអារាម នៅតែមិនឃើញ ទើបឪពុកម្តាយរបស់ពួកគេ សុំឲ្យសារព័ត៌មានជួយផ្សាយជាសារធារណៈឲ្យមហាជនបានដឹង និងជួយផ្តល់ព័ត៌មានមកកាន់ពួកគាត់បើបានឃើញកូនរបស់ពួកគាត់ ដោយពួកគាត់លើកឡើងថា សុំតែកូនត្រឡប់មកផ្ទះវិញមក ប៉ាម៉ាក់មិនស្តីបន្ទោសកូនទេ ត្រឡប់មកផ្ទះវិញមកកូនមកញ៉ាំបាយ មកលេបថ្នាំព្រោះកូនមានជំងឺប្រចាំកាយ ឪពុកម្តាយរៀបរាប់ភ័យព្រួយខ្លាចកូនមានបញ្ហាដល់អាយុជីវិតស្របពេលកូនកំពុងបាត់ខ្លួន។

លុះព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២៤ ក្មេងទាំង២នាក់ត្រូវបានរកឃើញវិញ នៅស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយអ្នកលក់ដូរតាមផ្លូវបានឃើញ និងឃាត់ក្មេងនោះទុករួចទំនាក់ទំនងទៅអាណាព្យាបាលរបស់ពួកគេ ក្នុងរយៈពេលក្មេងទាំង២នាក់នេះបាត់មួយយប់គឺពួកគេទៅសម្រាកនៅតាមមាត់ទន្លេត្រើយម្ខាង៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖