សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញមុខទទួលស្គាល់ជាលើកដំបូងថា កងកម្លាំងរបស់អ៊ុយក្រែនកំពុងប្រយុទ្ធក្នុងប្រតិបត្តិការវាយលុកចូលក្នុងទឹកដីរុស្ស៉ី នៅតំបន់ Kursk។
លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ថ្ងៃនេះ ខ្ញុំទទួលបានរបាយការណ៍មួយចំនួនពីប្រមុខកងទ័ពលោក Oleksandr Syrskyi ពាក់ព័ន្ធស្ថានការណ៍សមរភូមិមុខ ព្រមទាំងសកម្មភាពរបស់យើង ក្នុងការរុញច្រានសង្រ្គាមចូលទៅក្នុងទឹកដីរបស់ប្រទេសឈ្លានពាន»។ លោក ហ្សេលេនស្គី បានបន្តថា «អ៊ុយក្រែនកំពុងស្តែងឱ្យឃើញថា ខ្លួនពិតជាមានសមត្ថភាពស្តារយុត្តិធម៌ ហើយធានាការដាក់សម្ពាធដែលចាំបាច់តបតទៅលើប្រទេសឈ្លានពានវិញ»។
គិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណជិត១សប្តាហ៍ហើយ ដែលកងកម្លាំងរុស្ស៉ីបាននិងកំពុងបន្តប្រយុទ្ធទប់ទល់ការវាយលុកតាមថ្មើរជើងធំបំផុតរបស់ទីក្រុងកៀវ ចូលទៅក្នុងទឹកដីនៃប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ឆ្លើយតបស្ថានការណ៍នេះ រុស្ស៉ីបានពង្រឹងសន្តិសុខជាខ្លាំងនៅតំបន់ព្រំដែនចំនួន៣ ខណៈប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានហៅការវាយលុករបស់អ៊ុយក្រែន ជាសកម្មភាពបង្កហេតុដ៏ធំមួយ។
តាមប្រមុខកងទ័ពរុស្ស៉ី ការវាយលុករបស់អ៊ុយក្រែនត្រូវបានរារាំង ប៉ុន្តែកងកម្លាំងរបស់រុស្ស៉ីមិនទាន់អាចវាយបណ្តេញកងកម្លាំងរបស់អ៊ុយក្រែនឱ្យចេញផុតពីព្រំដែនវិញនៅឡើយ។ រីឯ បើតាមអ្នកតាមដានយោធារុស្ស៉ី ស្ថានការណ៍មកទល់ពេលនេះ គឺមានស្ថិរភាព ក្រោយការបញ្ជូនកងកម្លាំងជំនួយរបស់រុស្ស៉ី ប៉ុន្តែខាងអ៊ុយក្រែនក៏បានប្រមូលផ្តុំកម្លាំងយ៉ាងឆាប់រហ័សផងដែរ។ ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ ត្រូវបានរាយការណ៍ថា កើតឡើងនៅទីតាំងជ្រៅ រហូតដល់២០គីឡូម៉ែត្រ ចូលក្នុងតំបន់ Kursk របស់រុស្ស៉ី ជាហេតុបង្កឱ្យមានមតិមួយចំនួនចោទជាសំណួរថា ហេតុអ្វីបានជាអ៊ុយក្រែនមានឱកាសវាយទម្លុះចូលតំបន់ Kursk បានយ៉ាងងាយបែបនេះ៕ ដោយ៖ ធីរីណា
រូបថត៖ imago