ភ្នំពេញ៖ អ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ឧក្រិដ្ឋជនគ្រឿងញៀនដែលជាជនជាតិចិនម្នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនារគារ ព្រៃស ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ។
សូមរំលឹកថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១០៖៤០នាទី កម្លាំងជំនាញ (ក.៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ស្ថិតនៅ០២គោលដៅ៖ គោលដៅទី១ នៅចំនុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាលទ្ធផលចាប់ខ្លួនជនល្មើសម្នាក់ ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG)ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ រួមទាំងវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ ក្រាម និងសារធាតុគីមីផ្សំ ទម្ងន់សរុប ៩៥២ក្រាម សរុបទាំងអស់ទម្ងន់ ១៨១០៦ ក្រាម (១៨គីឡូ ១០៦ក្រាម)។
បច្ចុប្បន្នត្រូវចោទត្រូវបានកម្លាំងមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារ ព្រៃ ស ជាបណ្តោះអាសន្នរង់ចាំថ្ងៃ បើកសវនាការជំនុំជំរះក្តី៕
ដោយ ៖ រ៉ារ៉ា