ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខេសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដែលមាន បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន សំណុំរឿងពាក់ព័ន្ឋករណីក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួនប្រហែល០៦នាក់ ប្រដាប់ដោយដាវ និងកាំបិតប៉័ងតោ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់ ចំខ្នងរយះប្រវែងមួយចង្អាមដៃ បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុច ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង ៣០ នាទី រួមក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាគេចខ្លួនអស់។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចក៏បាន ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធឿន ដាណុច ហៅ រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ នាំយកមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់តែម្តង។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា