កងកម្លាំងការពារអុីស្រាអែល (IDF) បាននិយាយថា កាំជ្រួចមីស៊ីលប្រហែល 30 ដើមបានបាញ់ចេញពីទឹកដីលីបង់ហោះចូលដែនអាកាសអុីស្រាអែល
កាលពីព្រឹកមិញ (ថ្ងៃទី 12 ខែសីហា)។
“សំឡេងរោទ៍ត្រូវបានធ្វើឱ្យសកម្មនៅភាគខាងជើងប្រទេសអុីស្រាអែលអស់រយៈពេលជាងមួយម៉ោង នៅពេលដែលយើងបានរកឃើញកាំជ្រួចប្រហែល30 គ្រាប់ដែលហោះចេញពីទឹកដីលីបង់ សំដៅលើសហគមន៍ Kabri ។ មីស៊ីលជាច្រើនបានធ្លាក់នៅតំបន់ព្រំដែន រហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានរបាយការណ៍អំពីការស្លាប់និងរបួសនោះទេ។ សេចក្តីថ្លែងការណ៍របស់ IDF បានសរសេរថា កងកម្លាំងរបស់យើងបានធ្វើការវាយប្រហារតបតទៅលើទីតាំងបាញ់មីស៊ីលនៅក្នុងទឹកដីលីបង់។
ក្រុមប្រដាប់អាវុធលីបង់ Hezbollah នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយមកបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារខាងលើ ហើយបានប្រកាសថា គោលដៅមួយក្នុងចំណោមគោលដៅដែលបានវាយប្រហារលើកនេះ “គឺជាមូលដ្ឋានយោធា IDF” ។
រដ្ឋមន្ត្រីអុីស្រាអែលបាននិយាយថា អុីរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការវាយប្រហារក្រុង Tel Aviv ផងដែរ។ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល Yoav Gallant នៅល្ងាចថ្ងៃទី 11 ខែសីហា បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Lloyd Austin អំពីស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។ យោងតាមលោក Gallant ការត្រៀមលក្ខណៈនាពេលថ្មីៗនេះរបស់អុីរ៉ង់បង្ហាញថា ក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើអុីស្រាអែល។
សារព័ត៌មាន Kan News បានដកស្រង់ការវិភាគពីអ្នកជំនាញដែលនិយាយថា ការវាយប្រហារដែលរំពឹងទុកដោយអុីរ៉ង់នឹងមានទំហំធំជាងការវាយប្រហារជាបន្តបន្ទាប់នៃមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលបានកើតឡើងនៅក្នុងខែមេសា៕ ដោយ៖ ធីរីណា
រូបថត៖ IRNA