ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឲ្យដឹងថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១៤,៧៦ ពាន់លានដុល្លារទៅ កាន់ទីផ្សារបរទេស ក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២៤នេះ។ តួលេខនេះ តំណាងឱ្យការកើនឡើង១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលការនាំចេញសរុបមានចំនួន ១២,៩ ពាន់លានដុល្លារ។
របាយការណ៍បានឲ្យដឹងទៀតថា កម្ពុជា បាននាំចូលទំនិញក្នុងតម្លៃ១៦,៤២ ពាន់លានដុល្លារ កើនឡើង១៥,៩ ភាគរយពី១៥,១៩ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ខែ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ មុន។ ការកើនឡើងនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានរហូតដល់ទៅ៣១,១៨ ពាន់លានដុល្លារ កើនឡើង១៥ ភាគរយធៀបនឹងឆ្នាំមុន។
របាយការណ៍ដដែលបានបន្ថែមថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់កម្ពុជាជាមួយនឹងការនាំចេញសរុបចំនួន ៥,៥១ ពាន់លានដុល្លារ កើនឡើង៦៤ ភាគរយធៀបនឹងឆ្នាំមុន។ បន្ទាប់ មកគឺវៀតណាម និងចិនជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ ជាមួយនឹងការនាំចេញសរុបចំនួន ២,២ ពាន់លានដុល្លារ កើនឡើង ៣៧,៧ភាគរយ និង ០,៩៧ ពាន់លាន កើនឡើង ១៩,៧ ភាគរយរៀងគ្នា។
គួរបញ្ជាក់ថា ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ គឺជាប្រភពចំណូលពរូបីយប័ណ្ណបរទេសធំបំផុតសម្រាប់ប្រទេសកម្ពុជា។ វិស័យនេះមានរោងចក្រប្រហែល ១៣០០ ដែលមានកម្មករប្រមាណ ៨៥០.០០០ នាក់ ដែលភាគច្រើនជាស្ត្រី។ ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជាមានដូចជា សម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង ស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ ខណៈការនាំចូលសំខាន់ៗរបស់កម្ពុជា រួមមាន ថ្នាំ និងថ្នាំបំប៉ន គ្រឿងប្រើប្រាស់ អាហារ និងភេសជ្ជៈជាដើម៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច