ព័ត៌មានទាន់ហេតុការណ៍៖

របាំងស្បៃមុង បង្កោលចម្រឹង​ ត្រូវ​បានកាប់បំផ្លាញចោល និងចាក់លែងកូនត្រីចម្រុះ​ប្រមាណ​ ១៥៣ គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ​ ក្រោយបង្រ្កាបក្នុង​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​ទី១៤ ខែសីហា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា លោក ទឹម បូរក្ស អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ចម្រុះ​បន្តចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ កាលពីម្សិលមិញនេះ​ នៅចំណុចភូមិសាស្រ្តមួយចំនួន ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ ខណៈ​មន្ត្រី​ជំនាញ​ បន្តចុះបង្រ្កាប​និងរឹបអូសបាន​របាំងស្បៃមុង បង្កោលចម្រឹង​ និងចាក់លែងកូនត្រីចម្រុះ​ប្រមាណ​ ១៥៣ គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ​។ 

 ក្នុងប្រតិបត្តិការនោះ​ លោក ទឹម បូរក្ស អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមជាមួយកម្លាំងចម្រុះ ដែល​មាន​​​សមត្ថកិច្ច​​អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងសមត្ថកិច្ច​ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងគណៈបញ្ជាការ​ឯកភាពរដ្ឋបាលស្រុកក្រូចឆ្មារ ដឹកនាំដោយ លោក សយ ទូច អភិបាលស្រុក និងគណៈកម្មការសហគមន៍នេសាទបឹងរាំង សហគមន៍​​​នេសាទសំបុកសត្វសែនជ័យ និងអង្គការអភិរក្សធនធាន​ជលផល និងព្រៃឈើ សរុបចំនួន៣០រូប។ 

 ប្រតិបត្តិការចុះបង្ក្រាបនោះ បានប្រើប្រាស់កាណូតចំនួន៥គ្រឿង ចុះទៅបង្រ្កាបនៅចំណុចឈើទាលបោះ ចំណុចក្រោមភូមិទួលស្នួល និងចំណុចហូតអន្ទង់ ក្នុងឃុំទួលស្នួល និងចំណុចផ្លូវដំរី បឹងចំណារ ចំណុចចុងព្រែកឆុង ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ 

 វត្ថុតាងដែលក្រុមការងារជំនាញបានរុះរើ និងបំផ្លាញចោល​នៅ​នឹងកន្លែងរួមមាន៖ ឧបករណ៍លូស្បៃមុងបានចំនួន ៤១មាត់ របាំងស្បៃមុងប្រវែង ២៣០៣ម៉ែត្រ បង្កោលចម្រឹងចំនួន ១១៩៨ដើម ព្រមទាំងបានចាក់លែងកូនត្រីចម្រុះ​ចំនួន​ប្រមាណ១៥៣ គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ៕

ដោយ​៖ តារា​


ចែករំលែក៖