ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយវៀតណាម ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៣ខែសីហា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសវៀតណាម ក្រោមការដឹកនាំនៃគំនិតឯកភាពរួមជាយុទ្ធសាស្ត្ររបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែសីហា មានអ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា  លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៨ ខែសីហានេះ ព្រមនិងជួបពិភាក្សាការងារជាមួយមេដឹកនាំចិននៅដើមសប្តាហ៍ក្រោយ ។ តើភាគីចិនអាចបញ្ជាក់បន្ថែមពីសភាពការណ៍ពាក់ព័ន្ធបានទេ ?

គេហទំព័រ «CCFR China state-controlled media » ថា ៖ លោក Lin Jian បានថ្លែងថា ប្រទេសចិននិងវៀតណាម គឺជាសហគមន៍រួមវាសនាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ កាលពីពេលមុននេះមិនជាយូរប៉ុន្មាន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្ញើសារជូនចំពោះលោក  To Lam ដើម្បីសម្តែងការអបអរសាទរចំពោះរូបលោកដែលបានជាប់ឆ្នោតជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសវៀតណាម ក្រោមការដឹកនាំនៃគំនិតឯកភាពរួមជាយុទ្ធសាស្ត្ររបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា ។ លោកបានបន្តថា ចំពោះសំណួរដែលអ្នកបានលើកឡើងនោះ ខណៈពេលនេះ ខ្ញុំមិនទាន់មានព័ត៌មានលម្អិតអាចផ្តល់ជូនបានទេ៕

ដោយ ៖ សិលា


ចែករំលែក៖