ខេត្តស្ទឹងត្រែង ៖ ក្នុងនាមប្រធាន អនុប្រធាន សមាជិក និងសមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង សូមគាំទ្រយ៉ាងពេញទំហឹងនូវសេចក្ដីថ្លែងការណ៍ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដល់ជនរួមជាតិ កាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។
យើងខ្ញុំជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង សូមប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយណា ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដូចជាគម្រោង បង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់តាមគ្រប់រូបភាព ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្ដេជ្ញាការពារឱ្យខានតែបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីផ្ដល់ភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ៕
ដោយ ៖ សិលា