ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យចំនួន ៣នាក់ (ចិន២នាក់) ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធបទល្មើសនាំចូល ចែកចាយ អំបោះដេររបួស ម៉ាក ETHILON ក្លែងក្លាយ និងសម្ភារបរិក្ខាពេទ្យខុសច្បាប់។
បេីតាមការបញ្ជាក់ពីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា កម្លាំងជំនាញ បានបឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ចិន២នាក់) និងបុគ្គលិកជាជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធករណីនាំចូល ចែកចាយ ផលិតផលអំបោះដេររបួសម៉ាក ETHILON ក្លែងក្លាយ ដែលសមត្ថកិច្ចជំនាញកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រចាំបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប សាខារាជធានីភ្នំពេញ និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាប កាលពីថ្ងៃទី១២ និង១៣ ខែសីហាឆ្នាំ២០២៤ នៅឱសថស្ថានបីកន្លែងក្នុងសង្កាត់អូឡាំពិក និងទីតាំងស្តុក នៅសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការរយៈពេល២ថ្ងៃនេះ សមត្ថកិច្ចបានរកឃើញ និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖ អំបោះដេររបួសម៉ាក ETHILON ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Johnson & Johnson សរុបចំនួន 4,495 ប្រអប់ រួមនឹងសម្ភារបរិក្ខារពេទ្យ ដែលគ្មានច្បាប់ជាច្រើនប្រភេទថែមទៀត ។
សូមបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Johnson & Johnson របស់សហរដ្ឋអាមេរិក និងការស្រាវជ្រាវស៊ើបអង្កេត របស់សមត្ថកិច្ចជំនាញ កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រហូតឈានទៅដល់ការបង្ក្រាបជាក់ស្ដែងនៅពេលនេះ ហើយសម្ភារៈវត្ថុតាងទាំងអស់ត្រូវបានដកហូតជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីវិនិច្ឆ័យតាមច្បាប់៕
ដោយ៖ តារា