ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ គាំទ្រ«កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដោយហេតុ«៣មិន»

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ៖ សមត្ថកិច្ច និងអាជ្ញាធរដែនដីចំណុះក្រសួងមហាផ្ទៃ គាំទ្រដាច់ខាត DTA និងចាត់វិធានការជំនាញ តាមនីតិវិធី និងច្បាប់ លើក្រុមឧក្រិដ្ឋជននយោបាយណា ដែលបានកំពុងរុញសភាពការណ៍នេះ ទៅជាចលនាបដិវត្តន៍ពណ៌ នាំឱ្យវឹកវរសង្គម ប៉ះពាល់សន្តិសុខ និងជីវភាពប្រជាពលរដ្ឋ។ ហេតុ៣យ៉ាង ដែលសមត្ថកិច្ច និងអាជ្ញាធរដែនដីត្រៀមខ្លួនជាស្រេចក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបក្រុមឱកាសនិយមនោះរួមមាន៖

ទី១.«មិន»មែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ 

ទី២.«មិន»មែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។

ទី៣.«មិន»មែនក្លាយជាតំបន់ស្វយ័ត ឬប្រទេសថ្មីមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។

ការយកប្រធានបទនេះ ធ្វើជាលេសរុញស្ថានការណ៍ឱ្យក្លាយជា«បដិវត្តន៍ពណ៌»ពុំមែនជាសេរីភាពបញ្ចេញមតិ ឬអំពើដែលច្បាប់ការពារនោះទេ។ ផ្ទុយទៅវិញជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ជាដាច់ខាតពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី។ 

ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ទទូចឱ្យឈប់ជាបន្ទាប់នូវសកម្មភាពតាមបណ្ដាញសង្គម និងគ្រប់មធ្យោបាយ និងសូមបងប្អូនទាំងឡាយមេត្តាដកខ្លួនឱ្យផុតពីផែនការខុសតម្រានេះ។ ម្ដងទៀត! ក្រសួងមហាផ្ទៃ បានកំណត់មុខសញ្ញាល្មើសក្នុងសមត្ថកិច្ចយ៉ាងណែនក្នុងដៃ ដោយប្ដេជ្ញាការពារសន្តិសុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ឱ្យខាងតែបាន តាមគ្រប់យន្តការច្បាប់ជាទម្រង់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប៕

ដោយ ៖ សិលា


ចែករំលែក៖