អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ លោក Sun Weidong អនុរដ្ឋមន្ត្រីការបរទេសចិន និងលោក Zhang Baoqun អនុប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិផ្នែកយោធានៃគណៈកម្មាធិការយោធាមជ្ឈិមចិន បានរួមជាមួយលោក Kadir អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក និងអាហ្វ្រិកនៃក្រសួងការបរទេសឥណ្ឌូណេស៊ី និងលោក Oktaro អគ្គលេខាធិការនៃអគ្គនាយកដ្ឋានយុទ្ធសាស្ត្រនៃក្រសួងការពារជាតិឥណ្ឌូណេស៊ី ដើម្បីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំឧត្តមមន្ត្រីលើកដំបូងនៃយន្តការសន្ទនា “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិន និងឥណ្ឌូណេស៊ីដែលបានបើកធ្វើនៅទីក្រុងហ្សាការតា ។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ និងឈានដល់គំនិតឯកភាពគ្នាមួយចំនួនស្តីពីទំនាក់ទំនងចិន-ឥណ្ឌូណេស៊ី កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រផ្នែកការទូតនិងការពារជាតិជាដើម។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ភាគីទាំងពីរសម្គាល់ឃើញថា យន្តការសន្ទនា “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិននិងឥណ្ឌូណេស៊ី បានបង្កើតឡើងក្រោមការយកចិត្តទុកដាក់ផ្ទាល់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវកម្រិតខ្ពស់និងលក្ខណៈជាយុទ្ធសាស្រ្តនៃទំនាក់ទំនងចិន-ឥណ្ឌូណេស៊ី ។ កិច្ចប្រជុំឧត្តមមន្ត្រីលើកនេះជាសញ្ញាបញ្ជាក់ពីការចាប់ដំណើរការជាផ្លូវការនៃយន្តការ “២+២” រវាងប្រទេសទាំងពីរ និងបានបង្ហាញថា ការកសាងទំនុកចិត្តផ្នែកយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរបានឡើងដល់កម្រិតថ្មី ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងឥណ្ឌូណេស៊ី ព្រមទាំងបង្ហាញពីឆន្ទៈក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តតាមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ពង្រឹងការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួល បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងសន្តិសុខ ព្រមទាំងចំណងមិត្តភាពនិងទំនុកចិត្តរវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យការកសាងសហគមន៍រួមវាសនារវាងចិននិងឥណ្ឌូណេស៊ីទទួលបានការវិវឌ្ឍថ្មីជាបន្តបន្ទាប់ ៕
ដោយ ៖ សិលា