ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប្រដេញតាមចាប់ខ្លួន ជនសង្ស័យ៣នាក់ រត់គេចរហូតដល់សង្កាត់ចាក់អង្រែលើ ហើយជនសង្ស័យភ័យស្លន់ស្លោ ព្យាយាមរត់គេចឡើងលើដំបូលឃ្លាំង ស្រាប់តែមានជនសង្ស័យម្នាក់ជាន់ផុងស័ង្កសីជ័រ បណ្តាលឱ្យធ្លាក់រងរបួសធ្ងន់ ហើយបានស្លាប់ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងជួសជុលម៉ូតូកង់បីមួយកន្លែង ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម និងកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ដេញតាមចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ជនសង្ស័យរត់គេចរហូតដល់ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ស្រាប់តែក្រុមជនសង្ស័យ ភ័យស្លន់ នាំគ្នារត់គេចឡើងលើដំបូល ជនសង្ស័យ២នាក់ឡើងទៅលើដំបូលឃ្លាំងជួសជុលម៉ូតូកង់បី ត្រង់ចំណុចកើតហេតុ ជាន់ផុងស័ង្កសីជ័រ បណ្តាលឱ្យធ្លាក់ របួសស្រាលម្នាក់គេចខ្លួនបាត់ចំណែកម្នាក់ទៀតរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅដឹកបញ្ជូនដល់មន្ទីរពេទ្យ ហើយជនរងគ្រោះស្លាប់ពេលដឹកមកដល់មន្ទីរពេទ្យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញពិនិត្យនឹងស្រាវជ្រាវបន្តតាមនីតិវិធី ចំណែកសពសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីស្វែងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ