ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យក្រុមជំនាញរដ្ឋបាលរាជធានី ត្រូវចាត់ឱ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើជាប្រធាន ដើម្បីចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៅលើក្រុមហ៊ុនឯកជនដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ខុសលក្ខណៈបច្ចេកទេស ត្រូវពិន័យឬដកហូត តាមច្បាប់ភ្លាម តាមលក្ខខណ្ឌដែលបានទទួល ដើម្បីឱ្យលូ ប្រឡាយទាំងនោះមានស្ដង់ដារ និងជៀសវាងនូវការជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតទៅទៀត ។
លោកឃួង ស្រេង បានបញ្ជាបែបនេះ ខណៈដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវការជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវការជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ គម្រោងនេះនឹងប្រើប្រាស់ពេលវេលានៃការស្ថាបនាឡើងក្នុងរយៈពេល ៥ឆ្នាំ ដែលមានចំនួន៥០គម្រោងសម្រាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកឃួង ស្រេង បន្តថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលផ្តល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកអស់កម្លាំងកាយចិត្ត អនុវត្តអោយបានជោគជ័យ ពោលគឺយ៉ាងហោចណាស់២សប្តាហ៍ត្រូវធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារនេះមករដ្ឋបាលរាជធានីភ្នំពេញម្តង។
លោកអភិបាល ក៏បានណែនាំដល់ក្រុមហ៊ុនទាំងអស់ដែលទទួលអនុវត្តការងារគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញត្រូវទទួលខុសត្រូវតាមកិច្ចសន្យារបស់ខ្លួនពីពោះក្រុមហ៊ុនសុទ្ធតែបានដេញថ្លៃនៅក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុផ្ទាល់។ លោកថា ក្រោយគម្រោងនេះបានបញ្ជប់ យើងអាចដេកលក់ស្រួល នៅពេលភ្លៀងធ្លាក់ម្តងៗ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខាងលើនេះ មានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៨គម្រោងនិង១៥គម្រោងទៀតកំពុងដោះស្រាយផលប៉ះពាល់ ពិសេស(តំបន់បឹងត្របែក)។ចំណែក ៧គម្រោងទៀតស្ថិតក្នុងគម្រោងបញ្ជាទិញមិនទាន់មកដល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក សាំ ពិសិដ្ឋ បានបង្ហើបថា គម្រោងដែលស្ថិតក្នុងផលប៉ះពាល់នោះ គឺមានប្រជាពល រដ្ឋ១៣១ខ្នងផ្ទះស្មើនឹង១០០ភាគរយនៅបឹងត្របែក បានដោះស្រាយបញ្ចប់ហើយ ដោយពួកគាត់បានទទួលយកសំណងពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាថ្នូរនៃការរុះរើលំនៅឋានដោយស្ម័ក្រចិត្តចេញពីផលប៉ះពាល់នៃគម្រោងនេះ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ក្នុងគម្រោងដែលកំពុងអនុវត្តទាំង២៨គម្រោងនេះបបានចាប់ផ្តើមអនុវត្តការងារកាលពីថ្ងៃទី០៧ ឧសភាឆ្នាំ២០២៤ គិតមកដល់ពេលនេះមានរយៈពេល៩៧ថ្ងៃហើយ ដោយជាលទ្ធផលសម្រេចបានចំនួន១២,១៧% ហើយក្នុងផែនការយើងផ្តោតសំខាន់លើតំបន់៤ធំៗ ដែលត្រូវធ្វើអោយប្រសើរឡើង នៅក្នុងនោះទី១ តំបន់បឹងទំពុននិងបឹងសាឡាង ទី២ តំបន់បឹងត្របែក ទី៣ តំបន់ខាងត្បូងឈាងខាងកើតប្រលានយន្តហោះភ្នំពេញនិងទី៤ តំបន់ខាងជើងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ ៕
ដោយ ៖ សំរិត