ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនក្រុមក្មេងទំនើង ២៤នាក់ កាលពីម្សិលមិញនេះយកមកអនុវត្តតាមនីតិវិធីច្បាប់។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា ក្នុងចំណោមក្មេងទំនើងទាំង ២៤នាក់នោះ មាននៅភ្នំពេញ ១៥នាក់ ព្រះសីហនុ ៥នាក់ និងកោះកុង ៤នាក់។ ក្នុងនោះរួមមាន៖ ខេត្តព្រះវិហារ ៨នាក់ ,ព្រៃវែង ៣នាក់ ,ស្វាយរៀង ២នាក់ ,កណ្តាល ១នាក់ ,តាកែវ ១នាក់ និងខេត្តពោធិ៍សាត់ ១នាក់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបន្ថែមថា កម្លាំងជំនាញនៅទូទាំងប្រទេសកម្ពុជា ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ១២៤នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យទាំង ១២៤នាក់នោះ មាន ១២២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ៥៥ករណី និងជនសង្ស័យ ០២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ ០៣ករណី។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មេីសៗ ដូចជាករណីក្មេងទំនើង ជាពិសេសគ្រឿងញៀន និងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន៕
ដោយ៖ តារា