ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកគាំទ្រការរៀបចំការបោះឆ្នោតឡើងវិញ នៅវ៉េណេហ៊្សុយអេឡា

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ហាក់បង្ហាញពីការគាំទ្រឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ ក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានលើកឡើងពីគំនិតនេះដែរ ខណៈទាំងបក្សកាន់អំណាចនិងបក្សប្រឆាំងដែលអះអាងពីជ័យជម្នះរៀងៗខ្លួន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៨ ខែកក្កដា ទាត់ចោលគំនិតរៀបចំការបោះឆ្នោតឡើងវិញ។
ការអត្ថាធិប្បាយរបស់លោក បៃដិន ធ្វើឡើង ក្រោយលោក Lula បាននិយាយថា ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Nicolas Maduro អាចអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសាជាថ្មី ដែលមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីជាដំណោះស្រាយមួយសម្រាប់វិបត្តិសព្វថ្ងៃ។ សហរដ្ឋអាមេរិកមិនបានទទួលស្គាល់ការអះអាងជ័យជម្នះរបស់លោក Maduro នោះទេ។ ដោយឡែក នៅពេលត្រូវបានសាកសួរថា តើរូបលោកគាំទ្រឱ្យមានការរៀបចំការបោះឆ្នោតថ្មីក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡាដែរឬទេ? លោក បៃដិន បានឆ្លើយថា «ខ្ញុំគាំទ្រ»។
ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយ សេតវិមានតាមរយៈអ្នកនាំពាក្យម្នាក់ ហាក់ចង់កែតម្រូវឡើងវិញនូវការអត្ថាធិប្បាយរបស់លោក បៃដិន ដោយលើកឡើងថា «អ្វីដែលលោក បៃដិនបាននិយាយ គឺចង់សំដៅលើភាពមិនស្អាតស្អំរបស់លោក Maduro»។ អ្នកនំាពាក្យរូបនេះថែមទាំងបានបន្ថែមទៀតផងថា លទ្ធផលបានបញ្ជាក់យ៉ាងច្បាស់ថាបេក្ខជនប្រធានាធិបតីមកពីបក្សប្រឆាំង លោក Edmundo Gonzalez ជាអ្នកទទួលបានជ័យជម្នះ។
គួរបញ្ជាក់ថា ទាំងគណបក្សកាន់អំណាចរបស់លោក Maduro និងមេដឹកនាំគណបក្សប្រឆាំង លោកស្រី Maria Corina Machado សុទ្ធតែបានច្រានចោលគំនិត ឬការអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ។ លោក Maduro បានរិះគន់សហរដ្ឋអាមេរិកថាកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដោយចង់តាំងខ្លួនជាអាជ្ញាធររៀបចំការបោះឆ្នោតរបស់វ៉េណេហ្ស៊ុយអេឡា។ ចំណែកលោកស្រី Machado បានប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតបានកើតឡើងរួចទៅហើយ រីឯលោក Maduro ត្រូវតែដឹងឱ្យច្បាស់ថា តម្លៃដែលលោកនឹងត្រូវលះបង់ នឹងកើនឡើងជាលំដាប់ សម្រាប់ការបន្តក្រាញអំណាចពីមួយថ្ងៃទៅមួយថ្ងៃ៕ ដោយ៖ ធីរីណា

រូបថត​៖ TTXVN


ចែករំលែក៖