ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ចោទប្រកាន់ យុវជនម្នាក់ ពីបទ «រួមគំនិតក្បត់»

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តំណាងអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ចោទប្រកាន់ យុវជនម្នាក់ ពីបទ «រួមគំនិតក្បត់» នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការចោទប្រកាន់លើជនប្រព្រឹត្តបទល្មើសរួមគំនិតក្បត់ របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ បានចុះប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត គណនីហ្វេសប៊ុក ដែលប្រើប្រាស់ដោយឈ្មោះ សុក ជា នៅ ចំណុចច្រកព្រាល ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យ០១នាក់ឈ្មោះសុក ជា ហៅវាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ កម្រិតវប្បធម៌ថ្នាក់ទី១២ ទីលំនៅ បច្ចុប្បន្ននៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានដកហូតទូរស័ព្ទម៉ាក Iphone ពណ៌ស ចំនួន ០១ (មួយ)គ្រឿង ។

ក្រោយពីបានសួរចម្លើយជនសង្ស័យ ពិនិត្យភស្តុតាងនានាជាឯកសារ ដែលមាននៅក្នុងសំណុំរឿង វត្ថុតាងដែល បានដកហូត តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យ ស៊ើបសួរលេខ២៦៦០អក/២៤ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពីបទ រួមគំនិតក្បត់ ប្រព្រឹត្តនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់) ឆ្នាំ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖