ព័ត៌មានទាន់ហេតុការណ៍៖

ពិតជារន្ធត់ណាស់! ស្លាប់ទាំងបងទាំងប្អូនយ៉ាងសង្វេគ សង្ស័យជិះម៉ូតូដួលធ្លាក់ចូលទឹកស្រះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសក្មេងស្រី២នាក់បងប្អូនបង្កើត បានលង់ទឹកស្រះក្រោយផ្ទះស្លាប់យ៉ាងគួរឱ្យសង្វេគ ខណៈគេសង្ស័យថាអាចបណ្ដាលមកពីជិះម៉ូតួដួលប៉ើងមនុស្សចូលទឹកស្រះលង់ស្លាប់បែបនេះ។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរសោម នារសៀលថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។

មន្ត្រីនគរបាលប៉ុស្តិ៍ឱ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងនៅចំណុចស្រះទឹក១កន្លែង ខាងក្រោយផ្ទះឪពុកម្ដាយក្មេងរងគ្រោះ ស្ថិតក្នុងភូមិ.ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នគរបាលប៉ុស្តិ៍ឱ្យដឹងបន្តទៀតថា ក្មេងរងគ្រោះទី១-ឈ្មោះ សុខនី សេងហ៊ន់ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ សុខនី សុខហេង ភេទស្រី អាយុ ៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្អូនបង្កើត មានទីលំនៅ ភូមិ.ឃុំកើតហេតុ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍បញ្ជាក់បន្ថែមទៀតថា មូលហេតុ គេអាចសង្ស័យបណ្ដាលពីដួលម៉ូតូ ខណៈឃើញម៉ូតូម៉ាកវ៉េវអាល់ហ្វា១គ្រឿងនៅមាត់ស្រះទឹក ទើបបណ្ដាលឱ្យគ្រវែងមនុស្សចូលទឹកស្រះបែបនេះ ម្យ៉ាងទៀតម្ដាយក្មេងៗរងគ្រោះដែលគាត់រវល់មើលកូនតូចនៅផ្ទះនិយាយថា កូនរងគ្រោះបាននាំគ្នាជិះម៉ូតូទៅកាត់ខ្សែលួស។ ចំពោះករណីនេះសមត្ថកិច្ចបានចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន


ចែករំលែក៖