ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកោះកុង ស្ដីពីចោទប្រកាន់ក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមាត់សមុទ្រក្បែរអាហារដ្ឋាន CK ស្ថិតក្នុងភូមិ ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានករណីក្មេងទំនើងពីរក្រុម មានគ្នាចំនួន ០៦នាក់ ដោយក្រុមម្ខាងមាន៖ ឈ្មោះ រឺ ចាន់ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ សុខ រីន ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ សុខ រ៉ែម ភេទប្រុស អាយុ ១៤ឆ្នាំ ចំណែកឯក្រុមម្ខាងទៀត មាន៖ ឈ្មោះ យ៉ន លីណាល់ ភេទប្រុស អាយុ ១៧ឆ្នាំ, ឈ្មោះ យ៉ន ស៊ីណា ភេទប្រុស អាយុ ១៥ឆ្នាំ និងឈ្មោះ ហង្ស សម្បត្តិ ភេទប្រុស អាយុ ១៧ឆ្នាំ។ ដោយក្រុមម្ខាងមានឈ្មោះ រឺ ចាន់ថៃ, ឈ្មោះ សុខ វីន និងឈ្មោះ សុខ រ៉ែម ធ្លាប់មាន ទំនាស់ជាមួយនឹងក្រុមម្ខាងទៀត ពេលនោះក៏បានជិះម៉ូតូទៅរកក្រុមម្ខាងទៀត ហើយស្រែកនិយាយឌឺដង ដាក់គ្នា ហើយក៏បានធ្វើសកម្មភាពចុះពីលើម៉ូតូ ដោយដៃមានកាន់សោម៉ូតូ វាយទៅលើក្រុមម្ខាងទៀតមុន បន្ទាប់មកក្រុមម្ខាងទៀត មានឈ្មោះ យ៉ន លីណាល់, ឈ្មោះ យ៉ន ស៊ីណា និងឈ្មោះ ហង្ស សម្បត្តិ ក៏បាន វាយត្រឡប់មកវិញ ដោយដៃមានកាន់កៅអីដែក ប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួស ទាំងសងខាង។ បន្ទាប់ពីកើតហេតុរួច កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានចុះទៅដល់ទីកន្លែង និង ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៦នាក់ខាងលើ យកមកសាកសួរ រួចកសាងសំណុំរឿង បញ្ជូនមកអយ្យការ អមសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ ពិនិត្យភស្តុតាង និងសំណុំរឿងរួច តំណាងអយ្យការសម្រេច ចោទប្រកាន់ជនសង្ស័យ ចំនួន ០៦នាក់ខាងលើ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៣១ អ.យ/២៤ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិ មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនសំណុំរឿង និងជនសង្ស័យ ទៅចៅក្រមស៊ើបសួរ នៃសាលា ដំបូងខេត្តកោះកុង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖