ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមវត្តបញ្ជារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងក្រោមឱវាទ ត្រូវត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់តាមជំនាញ ២៤ម៉ោងលើ២៤ម៉ោង ដោយមានការត្រួតពិនិត្យជាប្រចាំពីសំណាក់ប្រចាំការ និងប្រចាំបញ្ជារបស់អង្គភាព ដោយសភាពការណ៍ប៉ុន្មានថ្ងៃនេះមានការបង្កឡើងដោយក្រុមក្បត់ជាតិជ្រុលនិយមមួយក្ដាប់តូច មានចេតនាធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ និងចង់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
លោកមេបញ្ជាការកងពល ព្រមទាំងកងកម្លាំងទូទាំងកងពលតូចដឹកជញ្ជូនលេខ៩០ បានប្ដេជ្ញាយ៉ាងដាច់ខាតក្នុងនាមជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏មោះមុតរបស់រាជរដ្ឋាភិបាល ដូច្នេះត្រូវការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការពារសន្តិភាពនៅកម្ពុជា ឱ្យខាងតែបាន ទោះបីត្រូវលះបង់អាយុជីវិតក៏ដោយ និងកម្ទេចឱ្យអស់នូវរឧបាយកល ដ៏ឆ្កួតលីលារបស់ក្រុមក្បត់ជាតិ ដែលមានគំនិតផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានបញ្ជាក់ថា៖ នេះជាបទបញ្ជារបស់រាជរដ្ឋាភិបាលយើងជាកងកម្លាំង ត្រូវគោរព និងអនុវត្តឱ្យបានលើតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ៕
ដោយ ៖ សិលា