ខេត្តកណ្តាល ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ បានដាក់គោលដៅការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហា ខាងមុខនេះ នៅផ្លូវជាតិលេខ៥A និងផ្លូវជាតិលេខ៦១A។
សូមបញ្ជាក់ថា ៖ រសៀលថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ដោយបានរួមដំណើរពី លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំង៣ និងលោកអភិបាលស្រុកពញាឮ បានអញ្ជើញចុះពិនិត្យគោលដៅការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ខាងមុខនេះ ។
លោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យគោលដៅការពារនៅចំណុចខាងមុខអាគាររដ្ឋបាលស្រុកពញាឮ ផ្លូវជាតិលេខ៥A និងគោលដៅចំណុចខាងមុខសាលាឃុំកោះចិន ផ្លូវជាតិលេខ៦១A ការជួបសំណេះសំណាលជាមួយកងកម្លាំងការពារគោលដៅទាំងពីរនេះ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកា ដល់កងកម្លាំងគោលដៅទាំងពីរ និងអោយកងកម្លាំងប្រចាំការ២៤ម៉ោង ហើយត្រៀមកម្លាំងជានិច្ច អនុវត្តបង្ក្រាបដាច់ណាត់លើជនអគិតិ ឬក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទាំងឡាយណា ដែលមានចេតនាទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ៕
ដោយ ៖ សិលា