ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៨សីហា ឆ្នាំ២០២៤នេះជាថ្ងៃដែលក្រុមអគតិនិងពួកជ្រុលនិយមគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ ឃើញថា ស្ថានភាពទូទៅនៅរាជធានីភ្នំពេញ មិនមានអ្វីខុសប្លែកពីសព្វមួយដងនោះទេ ពោលគឺប្រជាពលរដ្ឋចេញរកស៊ីទទួលទានជាធម្មតា ។ ដោយឡែកពលរដ្ឋខ្មែរជាប់សែស្រឡាយចិនវិញ បានរួតរះក្រោកពីព្រឹកទិញរបស់របរដើម្បីធ្វើពិធីសែនក្បាលទឺកតាមប្រពៃណីខ្មែរកាត់ចិនរៀងៗខ្លួន ដោយមិនមានការជួបជុំឬបង្កចលាចលណាមួយធ្វើឱ្យអសន្តិសុខក្នុងសង្គមនោះឡើយ ។
ស្ថានភាពអំណោយផល រួមជាមួយសន្តិសុខសុវត្ថិភាពល្អប្រសើរនេះ គឺពិតជាបានកើតឡើងដោយសារអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាននិងកំពុងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ទប់ស្កាត់ក្រុមជនអគតិមួយចំនួនដែលមានបំណងធ្វើបាតុកម្មចង់ផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ ។
តាមការបញ្ជាក់ឱ្យដឹងពីមន្រ្ដីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ថា៖.ស្ថានភាពទូទៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី១៨សីហា ឆ្នាំ២០២៤ មានសភាពជាធម្មតា គ្មានការរំជើបរំជួលដូចពួកជ្រុលនិយមដែលមានបំណងធ្វើបាតុកម្ម ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា.ឡាវ.វៀតណាម (CLV.DTA)នោះទេ។
អ្នកនាំពាក្យបានបន្តថា៖ សកម្មភាពប្រកបអាជីវកម្ម , ការធ្វើសកម្មភាពជាប្រក្រតីក្នុងការរកស៊ីលក់ដូរមិនមានការប្រែប្រួលឬមានស្ថានភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ ។ ដោយនៅតាមដងផ្លូវនិងដងមហាវិថីនានាក្នុងទីក្រុងមានសភាពស្ងប់ស្ងាត់។ ក្នុងនោះដែរភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅតែដើរទស្សនាកម្សាន្តតាមរមណីដ្ឋាននានាក្នុងរាជធានីភ្នំពេញ ដូចជា៖ រមណីដ្ឋានវត្តភ្នំ, ព្រះបរមរាជវាំង, វិមានឯករាជ្យ, សារមន្ទីរជាតិជាដើម ពុំមានអ្វីប្រែប្រួលនិងពុំមានការចាប់អារម្មណ៍រឿងបាតុកម្មរបស់ក្រុមជ្រុលនិយមនោះឡើយ។
សូមបញ្ជាក់ថា នៅមុនថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការនានាជាមួយកម្លាំងចម្រុះទាំងអស់របស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសជាង១៧លាននាក់ឱ្យរស់រានមានសេចក្ដីសុខសាន្ដជាធម្មតា ៕. ដោយ សំរិត