ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានភាពទូទៅនៅរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំឬចលនាណាមួយប្រឆាំងរាជ រដ្ឋាភិបាលកម្ពុជា បានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមឡើយ

ចែករំលែក៖

ភ្នំពេញ  ÷“នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ”។ នេះជាការលើក ឡើងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការពារជាតិ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា “លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រៅគន្លងប្រជាធិបតេយ្យ ដែលនេះគ្រាន់តែជាក្តីស្រមៃបែបរវើរវាយប៉ុណ្ណោះ ហើយក៏បញ្ជាក់ឱ្យឃើញដែរថា ប្រជាពលរដ្ឋ និងយុវជនខ្មែរមានការយល់ដឹង ពុំបានឆោតល្ងង់ចូលរួម ឬសម្តែងការគាំទ្រទាល់តែសោះ ជាមួយនឹងសកម្មភាពរបស់ពួកគេ”។

បន្ថែមពីលើនេះ ទោះបីជាមិនមានបាតុភាពណាមួយបានកើតឡើង ដូចអ្វីដែលក្រុមឧទ្ទាមបានខិតខំញុះញង់ បំផុសបំផុលក៏ដោយ ក៏កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជានិច្ចក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពវិទ្ធង្សនាទាំងឡាយ ដែលមានចេតនាពិសពុល ក្នុងការបង្កឱ្យមានចលាចល រំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ពីការគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ច និងរាជរដ្ឋាភិបាល ក្នុងការចាប់ខ្លួនមេក្លោង និងជនទាំងឡាយដែលបំផុសបំផុលចលនាណាមួយក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល និងស្នើឱ្យតុលាការចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ហើយក៏សូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ឱ្យរក្សាភាពស្ងប់ស្ងាត់ កុំឱ្យចាញ់ឧបាយកលក្រុមឧទ្ទាមរហូតចូលរួមក្នុងសកម្មភាពណាមួយ ដែលនាំឱ្យខ្លួនឯងជាប់ទោសទណ្ឌរហូតដល់ជាប់ពន្ធនាគារ បាត់បង់អនាគត បែកបាក់ពីក្រុមគ្រួសារជាដើម។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងដឹកនាំរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចគោលដៅនៅពេលឆាប់ៗខាងមុខ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕


ចែករំលែក៖