ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ឆ្នាំ២០២៤ ក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកនាយការិយាល័យហ្វឹកហ្វឺនយោធភូមិភាគទី៥ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកនាយការិយាល័យ ផ្នែក លោកមេបញ្ជាការ មេបញ្ជាការរង គ្រប់កងឯកភាពចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
តាមរបាយការណ៍បានឲ្យបានដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ឆ្នាំ២០២៤នេះ មានរយៈពេលសិក្សា ចំនួន ៩២ថ្ងៃ និងមានសិក្ខាកាម ចំនួន ៨០នាក់។
ឧត្តមសេនីយ៍ត្រី ភើយ លំអង បានលើកឡើងថា ការងារហ្វឹកហ្វឺនរៀនសូត្រ គឺជាកិច្ចការចាំបាច់ដែលត្រូវអនុវត្តជាប្រចាំ ដើម្បីកសាងធនធានមនុស្ស ពង្រឹងសមត្ថភាពនៃការយល់ដឹងដល់កងកម្លាំងឱ្យមានប្រសិទ្ធភាពទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។ លោកមេបញ្ជាការ ក៏បានដាក់ចេញនូវចំណុចការងារមួយចំនួនដល់សិក្ខាកាមដូចជា៖ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ គោរពពេលវេលារៀនសូត្រ ស្តាប់ការឧទ្ទេសនាម និងការបង្ហាត់បង្ហាញពីយោធាចារ្យ និងត្រូវខិតខំហ្វឹកហាត់រៀនសូត្រ លើមុខជំនាញ ដើម្បីលើកកម្ពស់កម្រិតសមត្ថភាព ការយល់ដឹង ក្នុងការបំពេញការងារនៅអង្គភាពឱ្យបានកាន់តែល្អប្រសើរក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺនរៀនសូត្រនេះ។
ឧត្តមសេនីយ៍ត្រី ភើយ លំអង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គ។ លោកក៏បានបញ្ជាក់បន្ថែមដល់យោធិនទាំងអស់ កុំឱ្យចាញ់ឧបាយកលពួកអមិត្តដែលមានបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវការពារឱ្យខានតែបាននូវ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត៕
ដោយ ៖ សិលា