ភ្នំពេញ ៖ នៅក្នុងសន្និសីទស្តីពី សមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈការអំពាវនាវឱ្យធ្វើបាតុកម្មថ្មីៗនេះ គឺមានគោលបំណងដុតផ្ទះខ្លួនឯងចោល ដើម្បីស្ងោរពងមាន់មួយ ដែលចំណុចនេះត្រូវមានការប្រុងប្រយ័ត្នព្រោះប្រវត្តិសាស្រ្តខ្មែរយើងបានឆ្លងកាត់រួចហើយ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា អ្វីដែលអាចនឹងកើតមានឡើងជាថ្មីម្តងទៀតនៅលើទឹកដីកម្ពុជាយើងតទៅថ្ងៃមុខ ស្ថិតនៅក្នុងទំព័រប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជារួចស្រេចបាត់ទៅហើយ យើងត្រូវនាំគ្នាទាញជាមេរៀនដើម្បីជៀសវាងធ្វើយ៉ាងណាកុំឱ្យប្រទេសកម្ពុជាយើងធ្លាក់ចូលទៅក្នុងរណ្តៅមរណៈដូចកាលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៨។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ក៏បានគូសបញ្ជាក់ថា នៅពេលដែលកម្ពុជាជួបគ្រោះអាសន្ន គឺគ្មានបរទេសណាមកជួយយើងនោះទេ ប៉ុន្តែគេបានត្រឹមតែអាណិតអាសូរយើងតាមរយៈពាក្យសម្តីប៉ុណ្ណោះ ដូច្នេះមានតែយើងទេដែលត្រូវរួបរួមគ្នា ឈរជើងឱ្យជាប់ រក្សាសន្តិភាពក្នុងប្រទេសយើង រក្សាសន្តិភាពក្នុងតំបន់ និងចូលរួមរក្សាសន្តិភាពនៅក្នុងពិភពលោក៕
ដោយ ៖ សិលា