ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ»

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានបន្តរៀបចំវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» ក្រោមអធិបតីភាព លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមអានប្រសាសន៍សំខាន់ៗរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានដូចខាងក្រោម៖

-លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា នៅថ្ងៃទី២២ សីហាឆ្នាំ ២០២៤ នេះគឺជាខួបគម្រប់មួយឆ្នាំគត់នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

-លោក ប៉ែន បូណា៖ ក្នុងរយៈពេលមួយឆ្នាំពេញនៃការដឹក នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា(២២ ខែសីហា ២០២៣-២២ ខែសីហា ២០២៤) ថ្នាក់ ដឹកនាំបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដែលបានជួបសម្តេចធិបតី គឺសុទ្ធតែបានកោតសរសើរ ចំពោះយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញសម្រាប់ផលប្រយោជន៍របស់ជាតិ និងប្រជាជន។

-លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាលបានដាក់ចេញ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦៖ ជាជន្លុល ១/ ការពង្រីកសេវាថែទាំសុខភាពទៅរកការគ្របដណ្តប់សុខភាពជាសាកល, ២/ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស, ៣/ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, ៤/ ការដាក់ចេញ និងការជំរុញ អនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ, ៥/ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ៦/ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

-លោក ប៉ែន បូណា៖ ក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ យុទ្ធសាស្ត្របញ្ចកោណ៖ គោលដៅគឺសម្រេចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ចំណូលខ្ពស់។ គឺជាចក្ខុវិស័យប្រកបដោយមហិច្ឆតាប៉ុន្តែ មិនមែនដេកស្រម័យទេ ជាចក្ខុវស័យខ្ពស់មែនតែមានគ្រឹះរឹងមាំ និងមានសក្តានុភពលដើម្បីឈានទៅសម្រេច។

-លោក ប៉ែន បូណា៖ ក្នុងរយៈពេលមួយឆ្នាំពេញនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា(២២ ខែសីហា ២០២៣-២២ ខែសីហា ២០២៤) គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងសមិទ្ធផលលិចធ្លោជាច្រើនទៀត ដូចជាការការពារនូវអធិបតេយ្យភាពជាដើម។

-លោក ប៉ែន បូណា៖ មុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណ៖ ជាគោលនយោបាយសង្គមសេដ្ឋកិច្ចដ៏ល្អ និងត្រឹមត្រូវរួមមាន៖

ទី១. ការអភិវឌ្ឍមូលធនមនុស្ស៖(ចំណេះជំនាញយ៉ាងតិចមួយ, ជំនាញទន់, សីលធម៌, សុខភាពល្អ)

ទី២. ពិពិធកម្មសេដ្ឋកិច្ចនិងការប្រកួតប្រជែង៖ មានប្រភពច្រើន សម្បូរបែប, ប្រកួតប្រជែងតម្លាភាព

ទី៣. អភិវឌ្ឍន៍វិស័យឯកជន និងការងារ៖ ជំរុញលើកទឹកចិត្តវិស័យឯកជន បង្កើតការងារ

ទី៤. អភិវឌ្ឍន៍ដោយភាពធន់ ចីរភាព និងបរិយាប័ន្ន

ទី៥៖ សង្គមសេដ្ឋកិច្ចឌីជីថល៖ បច្ចេកវិទ្យាទំនើប។

-លោក ប៉ែន បូណា៖ រយៈពេល១ឆ្នាំក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលថ្មីសម្រេចបានសមិទ្ធផលសំខាន់ៗមួយចំនួនក្នុង សមិទ្ធផលលេចធ្លោទី១ គឺការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ៖ ហេតុអ្វីបានជាសន្តិភាពនិងស្ថិរភាពនយោបាយនៅតែជាសមិទ្ធផលធំដំបូងគេដែលត្រូវរំលេច? ពីព្រោះសន្តិភាពនិងស្ថិរភាពនយោបាយនេះបាត់បង់ហើយ យើងមិនអាចនិយាយអំពីសមិទ្ធផលអ្វីបានទាំងអស់។ ដូច្នេះ ហើយបានជាថ្នាក់ដឹកនាំរបស់យើងតែងអះអាងបញ្ជាក់ជារឿយៗថា ត្រូវតែការពារឱ្យបានសុខសន្តិភាព និងស្ថិរភាពនយោបាយទោះជាក្នុងតម្លៃណាក៏ដោយ។ នេះគឺជាកិច្ចសន្យាដ៏ឧឡារឹករបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាចំពោះមុខប្រជាជាតិខ្មែរ។

-លោក ប៉ែន បូណា៖ ការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាគឺជាលក្ខណៈពិសេសខុសពីធម្មតា។ ពិសេសនៅត្រង់ថា ប្រវត្តិសាស្ត្រនៃប្រទេសយើងបានបង្ហាញថា ការផ្ទេរអំណាចពីមេដឹកនាំមួយទៅមួយទៀតត្រូវឆ្លងកាត់ការផ្តួលរំលំ តាមរយៈសង្គ្រាមបង្ហូរឈាមដណ្តើមឈ្នះចាញ់។ ប៉ុន្តែការផ្ទេរអំណាចនៅកម្ពុជាកាលពីចុងខែសីហាឆ្នាំ ២០២៣ ពិតជាព្រឹត្តិការណ៍ពិសេសមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។

-លោក ប៉ែន បូណា៖ តម្លៃលេចធ្លោនៃព្រឹត្តិការណ៍នេះនៅត្រង់ថា ទី១៖ គឺជាការផ្ទេរអំណាចដោយសន្តិវិធីដោយរក្សាបានទាំងស្រុងនូវសុខសន្តិភាពនិងស្ថិរភាពនយោបាយ និងទី២៖ គឺជាការផ្ទេរអំណាចពីជំនាន់រាមច្បងទៅឱ្យយុវជនជាលក្ខណៈទ្រង់ទ្រាយធំ ជាសំណុំតែម្តង ដែលព្រឹត្តិការណ៍បែបនេះ កម្រកើតមានណាស់នៅលើពិភពលោកនេះ។ ត្រង់នេះហើយដែលសបញ្ជាក់យ៉ាងច្បាស់ថា ការថែរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយទាំងស្រុងក្នុងស្ថានភាពនៃការផ្ទេរអំណាចគឺជាតម្លៃដ៏លេចធ្លោបំផុត ជាប្រវត្តិសាស្ត្រសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនងើបឡើងវិញលឿនក្រោយវិបត្តិកូវីដ១៩, លឿននិងខ្ពស់ជាងគេនៅអាស៊ាន។

-លោក ប៉ែន បូណា៖ មុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណនេះ បានបង្កើតជន្ទល់សំខាន់ៗចំនួនពីរសម្រាប់ជាតិ ក្នុងនោះទន្ទល់ទី១មាន កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច៖

– សេវាសុខាភិបាលឈានទៅការគ្របដណ្តប់ជាសាកល

– ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេដល់កូនអ្នកក្រីក្រ

– ពង្រឹងកម្មវិធីជាតិជំនួយសង្គម

– យុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

– ការគាំពារវិស័យកសិកម្ម

– ការដាក់ពង្រាយអ្នកជំនាញបច្ចេកទេសកសិកម្មតាមឃុំសង្កាត់។

-លោក ប៉ែន បូណា៖ មុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណនេះ បានបង្កើតជន្ទល់សំខាន់ៗចំនួនពីរសម្រាប់ជាតិ ក្នុងនោះទន្ទល់ទី២មាន វិធានការគន្លឹះ៥៖

– កំណែទម្រង់រដ្ឋបាលសាធារណៈ

– កំណែទម្រង់វិស័យអប់រំ

– កំណែទម្រង់វិស័យសុខាភិបាល

– លើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព

– លើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌។

-លោក ប៉ែន បូណា៖ រយៈពេល១ឆ្នាំក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលក៏សម្រេចបានសមិទ្ធផលសំខាន់ៗលេចធ្លោមួយទៀតគឺ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖ ហេតុអ្វីបានជាត្រូវចាត់ទុកបញ្ហានេះជាសមិទ្ធផលលេចធ្លោ? ពីព្រោះ អធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិសាសន៍នីមួយៗ។ ដូច្នេះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលះបង់ខ្ពស់ណាស់ និងបង្កើតបានស្នាដៃធំធេងណាស់ក្នុងការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។

-លោក ប៉ែន បូណា៖ រយៈពេលជាង ៥០០ ឆ្នាំចុងក្រោយ ប្រទេសជាតិយើងឆ្លងកាត់ការបែកបាក់ សង្គ្រាមស៊ីវិល រហូតដល់ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ (១៩៧៥-៧៩) ដែលជាដំណាក់កាលគ្រោះថ្នាក់បំផុតចុងក្រោយមួយដែលប្រទេសជាតិយើងឈានទៅរកការរលាយសាបសូន្យទាំងស្រុងទាំងប្រទេសជាតិ ទាំងពូជសាសន៍ខ្មែរ។ ប៉ុន្តែ ជាភ័ព្វសំណាង ដែលវីរជនគណបក្សប្រជាជនកម្ពុជាបានដណ្តើមជីវិតខ្មែរ និងប្រទេសកម្ពុជាយើងចេញពីសេចក្តីវិនាស ហិនហោច ដោយយកជីវិតទៅប្តូរ។

-លោក ប៉ែន បូណា៖ កន្លងទៅ យើងនិយាយត្រឹមតែស្រោចស្រង់ជីវិតមនុស្ស ប៉ុន្តែ វាក៏ជាការស្រោចស្រង់បូរណភាពទឹកដីកម្ពុជាផងដែរ។ បើខ្មែរស្លាប់អស់ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីត្រូវតែបាត់បង់។ ក្រោយពីរំដោះបានហើយ ដៃម្ខាងកសាង ដៃម្ខាងការពារ។ កសាងមានន័យថាអភិវឌ្ឍន៍ប្រទេសចេញពីទីលានកប់សាកសពដែលក្ររហេមរហាមបំផុតឱ្យក្លាយជាប្រទេសស្គាល់ការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។ ដៃម្ខាងការពារមានន័យថាការពារផ្ទៃដី ១៨១ ០៣៥ គ.ម ក្រឡា ឱ្យបានគង់វង្សកុំឱ្យបាត់បង់ទៀត។

-លោក ប៉ែន បូណា៖ រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបាននូវការជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានយុវជនទៅចុះឈ្មោះ រៀនមានចំនួនប្រមាណប្រាំម៉ឺននាក់។ ឯកឧត្ដមបន្ថែមថា ចំពោះយុវជនណាដែលមិនមានថវិកាសម្រា ប់ជីវភាពប្រចាំ ថ្ងៃត្រូវបានរដ្ឋាភិបាលឧបត្ថម្ភប្រាក់ នៅអំឡុងពេលរៀននេះថែមទៀត។

-លោក ប៉ែន បូណា៖ រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលអាណត្តិទី៧ បានសម្រេចឱ្យមានកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យកសិកម្ម ក្នុងនោះបានទិញស្រូវស្តុកទុកមានចំនួនជិតដប់ម៉ឺនតោន, រោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសទទួលបានថវិកាចំនួន ម្ភៃប្រាំបីលានដុល្លារពីរដ្ឋាភិបាល។ ឯកឧត្ដមបន្ថែមថា អំឡុងរដូវប្រមូលផលក្នុងឆ្នាំ២០២៤-២០២៥ រោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបានត្រៀមទិញស្រូវពីកសិករក្នុងរង្វង់ជាងពីរលានតោន។

-លោក ប៉ែន បូណា៖ បានផ្ញើសារទៅក្រុមប្រឆាំងថា ឲ្យចេះបើកខួរក្បាលពិចារណាឲ្យច្បាស់មុននឹងបើកមាត់និយាយ ដោយក្រុមប្រឆាំងទាំងនោះធ្វើការរិះគន់ដោយគ្មានការគិត គ្មានការពិចារណា មិនបើកភ្នែក និងត្រចៀក ខណៈក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានេះ គឺធ្វើអ្វីគ្រប់យ៉ាងដើម្បីឧត្តមប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូលនោះ។

-លោក ប៉ែន បូណា៖ រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវការពង្រឹងសមត្ថភាពមន្ត្រីរាជការ តាមរយៈការប្រលងជ្រើសរើស យកនូវធនធានមនុស្ស ដែលប្រកបដោយ គុណាធិបតេយ្យ(ការយកគុណភាពជាចម្បង), បរិយាបន្ន(គ្រប់គ្នា គ្រប់ភេទ មិនគិតពីពិការភាព ជាតិសាសន៍ ឬ សាសនានានានោះឡើយ) និងតម្លាភាព(ការតាមដានពិនិត្យដោយហ្មត់ចត់)។

-លោក ប៉ែន បូណា៖ រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវការពង្រឹងសេវាសុខាភិបាល តាមរយៈការពង្រឹងគុណភាពគ្រូពេទ្យ, ប្រសិទ្ធភាពនៅក្នុងការព្យាបាល, ពង្រាយគ្រូពេទ្យជំនាញ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈទៅគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស។

-លោក ប៉ែន បូណា៖ រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឱ្យមានមេធាវីស្ម័គ្រចិត្តដែលមានចំនួនជាង ៩០ រូប ឱ្យធ្វើជាជំនួយការដល់ក្រសួងយុត្តិធម៌ ដើម្បីជួយការពារក្ដីឱ្យពលរដ្ឋក្រីក្រ។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានបង្កើតឱ្យមានក្រុមមេធាវីស្ម័គ្រចិត្ត ដើម្បីជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ ក្នុងនោះមានមេធាវីចំនួន ៨៦ រូបបានទទួលសម្បទា(ការបំពេញលក្ខណៈសម្បត្តិគ្រប់គ្រាន់)ពេញលេញ ដើម្បីជួយលើការងារនេះ។

ដោយឡែកលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា៖ រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្នុងវិស័យការទូត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ពង្រឹងជំហរកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសពង្រឹងការងារការទូតសេដ្ឋកិច្ច។

-លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ក្នុងរយៈពេល១ឆ្នាំពេញក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា សម្តេចធិបតី បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសជាមិត្តបានចំនួន១៦ប្រទេស ដោយដំណើរទស្សនកិច្ច នេះគឺក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ដែលជាកិច្ចការដ៏សំខាន់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រី។

-លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, កម្ពុជាបានពង្រឹងលើការងារការទូតរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។ លោកបន្ថែមថា កម្ពុជាជាប្រទេសតូច តែថ្លៃថ្នូរក្នុងការងារការទូតរបស់ខ្លួន តាមរយៈបទពិសោធន៍ចាស់ទុំ និងការគោរពអនុវត្តតាមរាល់កិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ ដែលកម្ពុជាបានចុះហត្ថលេខា។ កម្ពុជាតូចមែនពិតតែមានសំឡេងឆ្នោតដូចប្រទេសនានាលើឆាកអន្តរជាតិ។ កម្ពុជាតូចមែនពិត តែទង់ជាតិកម្ពុជាបក់រវិចនៅអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនានា និងប្រទេសជាច្រើនទៀត។

-លោក តាន់ ហ្សង់ហ្រ្វង់ស្វ័រ៖ នយោបាយការទូតបរទេសកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺសម្តេចបានដាក់ចេញនូវនយោបាយការទូតសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងខ្ពស់បន្ថែមទៀត។

-លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេចបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ១៩០ គម្រោង ដែលមានទុនវិនិយោគជាងបីពាន់លានដុល្លារ។ ក្នុងខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤១ គម្រោង ដែលទឹកប្រាក់វិនិយោគជាងកៅសិបលានដុល្លារ។ ឯកឧត្ដមបន្ថែមថា តាមរយៈការព្យាកររបស់ធនាគារពិភពលោក(World Bank) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ នឹងកើនដល់ ៦,១ ភាគរយ ដែលជាកំណើនខ្ពស់ជាងគេ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន។

គួរជម្រាបថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺជាខួបគម្រប់មួយឆ្នាំគត់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីជា នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺជារាជរដ្ឋាភិបាលដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបម្រើប្រជាពលរដ្ឋពិតៗ៕ដោយ៖តារា


ចែករំលែក៖