ព័ត៌មានទាន់ហេតុការណ៍៖

បេសកកម្មសារព័ត៌មានទ្រង់ទ្រាយធំដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ធម្មជាតិ នៅខេត្តពោធិ៍សាត់ រយៈពេលបីថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ 

ចែករំលែក៖

ខេត្តពោធិសាត់៖ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជាហើយក៏ជាខេត្តដែលពោរពេញទៅដោយសក្ដានុពលទេសចរណ៍ធម្មជាតិ សក្ដានុពលកសិកម្មនិងសក្ដានុពលថាមពល ។ ដោយពិនិត្យឃើញថាខេត្តនេះពោរពេញទៅដោយសក្ដានុពល ក្នុងការទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគ ក្លិបអ្នកកាសែតកម្ពុជាបានរៀបចំ កម្មវិធីដឹកនាំប្រតិភូអ្នកសារព័ត៌មានចំនួន៣៧ស្ថាប័ន ចុះបេសកកម្ម ទ្រង់ទ្រាយធំដើម្បីផ្សព្វផ្សាយព័ត៌មានពីសក្ដានុពលដែលមាននៅក្នុងខេត្តភាគពាយព្យមួយនេះ ។

បេសកកម្មរបស់ប្រតិភូអ្នកសារពត៍មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២៤ នេះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង រ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិសាត់ , លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ និងមន្ត្រីសាលាខេត្តជាច្រើនរូបទៀត ។

សម្រាប់ថ្ងៃទី១ នៃដំណើរបេសកកម្ម ពេលទៅដល់ទីរួមខេត្ត ក្រុមអ្នកសារពត៍ មានបានជួបសំណេះសំណាលជាមួយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិសាត់នៅសាលប្រជុំសាលាខេត្ត ។ ចប់ពិធីសំណេះសំណាលភ្លាម លោកអភិបាលរងបាននាំប្រតិភូសារពត៍មានចុះទៅកាន់តំទេសចរធម្មជាតិភ្នំ១៥០០ ផ្លូវអន្ទង់អាំង ជាទីកន្លែងដ៍ស្រស់ត្រកាល បរិយាយកាសល្អបរិសុទ្ធ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកំសាន្តនៅតំបន់នោះ ។ បន្ទាប់មកប្រតិភូអ្នកសារព័ត៌មានបានបន្តដំណើរមក ទីតាំងអភិវឌ្ឍន៍ថ្មីដែលកំពុងតែ ធ្វើការអភិវឌ្ឍ ឈូសឆាយផ្លូវ សម្អាតដីសម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលបានផ្លាស់ប្ដូរទីលំនៅពី តំបន់ផ្លូវអន្ទង់អាំងដែលជាតំបន់អភិរក្ស អោយទៅកាន់ទីតាំងថ្មីក្នុងតំបន់អូរ២ ស្ថិតនៅក្នុងឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សម្រាប់ថ្ងៃទី២ នៃដំណើរបេសកកម្ម លោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមជាមួយប្រតិភូអ្នកសារពត៍មាននិងបាននាំក្រុមអ្នកសារព័ត៌មានចុះទៅ ទស្សនកិច្ចតំបន់កសិកម្មដ៏មានសក្ដានុពលគឺចម្ការខ្ញី ដែលដាំជា លក្ខណៈបែបកសិកម្មទំនើបហើយចម្ការខ្ញីនេះអាចប្រមូលផលបានក្នុងមួយហិកតា១២០តោន សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ ចម្ការខ្ចីនេះដែរ គឺដាំនៅ មាត់ បឹងអូរសោមដែល ជាប្រភេទដីដែលមានជីវជាតិសម្រាប់ ធ្វើកសិកម្ម ។

ចប់ពីទស្សនកិច្ចចម្កាខ្ញី លោកអភិបាលខេត្តបាននាំក្រុមអ្នកសារព័ត៌មាន ចុះទស្សនកិច្ចតំបន់ទេសចរណ៍ធម្មជាតិដែលហៅថាសហគមន៍ទេសចរណ៍អេកូឡូស៊ីអូរសោម គឺជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏មានសក្ដានុពល សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តនៅតំបន់នោះគឺឋិតនៅឃុំអូសោម ស្រុកវាលវែងខេត្តពោធិ៍សាត់ ។ នៅតំបន់ទេសចរណ៍ធម្មជាតិនេះដែរគឺមានទេសភាព ស្រស់ត្រកាលស ខ្យល់អាកាសបរិសុទ្ធ ហើយមាន ទូក អូប័រ កាណូត សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជិះកម្សាន្តនៅលើផ្ទៃទឹកបឹងដ៏ស្រស់ថ្លានិងទស្សនា ចម្ការផ្សេងៗ ដែលនៅអមសងខាងផ្ទៃបឹងរួមទាំង ព្រៃធម្មជាតិដ៏ខៀវស្រងាត់ផងដែរ ។

បន្ទាប់មកលោកអភិបាលខេត្តក៏បាននាំ ក្រុមអ្នកសារព័ត៌មានធ្វើដំណើរតាមផ្លូវ ដែលកំពុងស្ថាបនាតភ្ជាប់ពីខេត្តពោធិ៍សាត់ទៅខេត្តកោះកុងនឹងទៅទស្សនកិច្ចស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានកម្ពស់ជាង៩០ម៉ែត្រ បណ្ដោយ ជាង៥០០ ម៉ែត្រដែលកំពុងតែសាងសង់យ៉ាងមមាញឹក ស្ពាននេះគឺតភ្ជាប់ពីស្រុកវាលវែងខេត្តពោធិ៍សាត់ទៅកាន់ខេត្តកោះកុង ។ ពេលស្ថាបនារួចរាល់ជាស្ថាពរទាំងផ្លូវនិង ស្ពាន នឹងធ្វើឲ្យខេត្តនៅភាគពាយព្យ នៃប្រទេស តភ្ជាប់ទៅខេត្តនៅភាគបច្ចឹម នៃប្រទេស កាន់តែមានការរីកចម្រើនថែមទៀត លើវិស័យដឹកជញ្ជូនសេដ្ឋកិច្ចនិងសក្ដានុពលផ្សេងៗ ទៀតព្រោះថាប្រើប្រាស់ ពេលវេលាខ្លីក្នុងការធ្វើដំណើរនិងមានភាពងាយស្រួលក្នុងការដឹកជញ្ជូន ទំនិញផ្សេងៗ ឆ្លងកាត់ពីខេត្តនៅភាគបច្ចឹមនៃប្រទេសទៅកាន់ខេត្តនៅភាគពាយព្យនៃប្រទេសជាច្រកសេដ្ឋកិច្ចដ៏សំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។

ចេញពីទស្សនកិច្ចការដ្ឋានសាងសង់ស្ពានខ្ពស់ជាងគេបំផុតនៅកម្ពុជាដែល តភ្ជាប់ពីខេត្តពោធិ៍សាត់ទៅខេត្តកោះកុង លោកអភិបាលខេត្តក៏បាននាំប្រតិភូអ្នកសារព័ត៌មានមកទស្សនកិច្ចបន្ត នៅស្ថានីយ វារីអគ្គិសនី អាតៃ១ ស្ថិត ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ នេះជាស្ថានីយ៍វារីអគ្គិសនី១ ក្នុងចំណោម ស្ថានីយ៍វារីអគ្គិសនី ជាច្រើនកន្លែងទៀត ហើយទំនប់វារីអគ្គិសនីនេះគឺជាសមទ្ធិផលមួយ របស់ខេត្តពោធិ៍សាត់ ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់ ដោយឡែក គម្រោងវារីអគ្គិសនីផ្សេងទៀត កំពុងតែស្ថាបនាជាបណ្តើរៗ ។

ចប់បេសកកម្ម រយៈពេល២ថ្ងៃ លោក អភិបាលខេត្ត ក៏បានរៀបចំ អាហារសាមគ្គីទទួលប្រតិភូអ្នកសារព័ត៌មាន ដែលចូលមក ផ្សព្វផ្សាយព័ត៌មានពីសក្ដានុពលទេសចរណ៍ ពីសក្ដានុពលកសិកម្មនិងពីសក្ដានុពលថាមពល ដែល មាននៅក្នុងខេត្តពោធិ៍សាត់ ពិធី ពិសាអាហារសាមគ្គី នេះដែរ លោកអភិបាលខេត្តបានរៀបចំ ប័ណ្ណសរសើរ ជូនដល់ក្រុមអ្នកសារព័ត៌មានប្រមាណជាង៦០នាក់ ដោយបានរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វផ្សាយ ពីសក្ដានុពលដែលមាននៅក្នុងខេត្តពោធិ៍សាត់ និងបាន ផ្ដល់ កាដូអនុស្សាវរីយ៍សម្រាប់អ្នកសារព័ត៌មានក្នុងម្នាក់ៗ បំពាក់ក្រម៉ា១ ដើម្បីជាកាដូអនុស្សាវរីយ៍ ។

ក្នុងពិធី អាហារសាមគ្គីនេះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់ ក្លិបអ្នកសារព័ត៌មានដែលបានដឹកនាំប្រតិភូអ្នកព័ត៌មាន ចុះមកផ្សព្វផ្សាយពីសក្ដានុពល ដែលមាននៅក្នុងខេត្តពោធិ៍សាត់

លោកអភិបាលខេត្តបានបញ្ជាក់ដូច្នេះថាវត្តមានរបស់អស់លោក លោកស្រីដែលជាអ្នកសារព័ត៌មាននៅពេលនេះ ពិតជា មានតម្លៃសម្រាប់ យើងខ្ញុំទាំងអស់គ្នានឹងប្រជាជននៅក្នុងខេត្តពោធិ៍សាត់ ដែលបានចុះមកផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តពោធិសាត់ និងសូមអញ្ជើញទុកអោយហើយរយៈពេល៥ខែឬ៦ខែខាង សូមមកទស្សនៈកិច្ចម្តងទៀតព្រោះមានរឿងច្រើនដែលត្រូវផ្សព្វផ្សាយពីសក្តានុពលដែលមាននៅក្នុងខេត្តអំពីវិយ័យកសិក្ម វិស័យទេសចរធម្មជាតិ និងវិស័យថាមពល ។

សម្រាប់បេសកកម្មថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយប្រតិភូអ្នកសារព័ត៌មាន ដឹកនាំដោយលោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានចូលរួមពិធីបើកការដ្ឋាន សាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី នៅស្រុកក្រគរខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នឹងមានការចូលរួមពីលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រួមជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងមន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់ទៀត ។ រោងចក្រដំឡើងរថយន្តអគ្គិសនីនេះដែលជំហានដំបូង ដាក់ទុនវិនិយោគប្រមាណជា១០លានដុល្លារ នៅលើផ្ទៃដី១០ហិកតា ហើយនេះជាផ្នែកមួយនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ នឹងមានការសាងសង់រោងចក្រជាបន្តទៀតនៅពេលខាងមុខ ។

ចប់ពីពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីដែលជាប្រភេទរថយន្តដឹកទំនិញរួចមកប្រតិភូអ្នកសារព័ត៌មានបានចុះទៅបំពេញទស្សនកិច្ច នៅតំបន់ទេសចរធម្មជាតិទឹកធ្លាក់ច្រកល្អៀង ឋិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ តំបន់ទេសចរធម្មជាតិទឹកធ្លាក់ច្រកល្អៀងនេះដែរមានចំងាយជាង៧០គីឡូម៉ែត្រពីខេត្តពោធិសាត់ និងមានចម្ងាយជាង១៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។

ទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៃបេសកកម្មសារព័ត៌មាន ទ្រង់ទ្រាយធំដើម្បីផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍ធម្មជាតិនិងសមិទ្ធិផលនានា ដែលមាននៅក្នុងខេត្តពោធិ៍សាត់នេះ បាននាំមកនូវភាពជោគជ័យក្នុងការផ្សព្វផ្សាយពត៍មានពីសក្តានុពលវិស័យទេសចរណ៍ ពីសក្តានុពលវិស័យកសិកម្ម និងពីសក្តានុពលវិស័យថាមពល។

ដោយឡែកបេីយោងមន្រ្តីទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងដែរថា៖ តំបន់ភ្នំ១៥០០(ផ្លូវបុប្ផាលាក់ខ្លួន) និងតំបន់អូរសោម ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួនប្រមាណជាង ១៥ម៉ឺននាក់ ។ ក្នុងនោះតំបន់ភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន) មានភ្ញៀវទេសចរចំនួនប្រមាណ ១៣ម៉ឺននាក់ ។ ចំណែកឃុំអូរសោម មានចំនួន ២០.៤០៧ នាក់ ដោយភ្ញៀវទេសចរជាតិ ១៩.៧០៦ នាក់ និងភ្ញៀវបរទេស ៧០១ នាក់៕ដោយ៖ សណ្តោស+ស តារា

 

 


ចែករំលែក៖