ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ នយោបាយការបរទេសរបស់ប្រទេសកម្ពុជា មានមុខព្រួញសំខាន់ចំនួនពីរ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងសន្និសីទស្តីពី សមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា នយោបាយការបរទេសរបស់កម្ពុជា មានមុខព្រួញពីរសំខាន់គឺ៖

ទី១- ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ដោយពង្រឹងជំហរកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជារដ្ឋអធិបតេយ្យ

និងទី២- ការទូតសេដ្ឋកិច្ច ដើម្បីនាំផលប្រយោជន៍ជូនជាតិនិងប្រជាជនកម្ពុជា។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគោលការណ៍មួយច្បាស់លាស់ គឺត្រូវពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី ជាទំនាក់ទំនងទ្វេភាគី ពហុភាគី ក្របខណ្ឌនៃអន្តររដ្ឋ ក្របខណ្ឌអនុតំបន់ ក្របខណ្ឌតំបន់ និងក្របខណ្ឌអន្តរជាតិជាដើម។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ក៏បានគូសបញ្ជាក់ថា ការទូត ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី គឺជានិរន្តរភាព និងសង្គតិភាពនៃនយោបាយការបរទេសរបស់កម្ពុជា ជាយូរណាស់មកហើយ ដែលជាគោលនយោបាយផ្តួចផ្តើមដោយសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ សម្តេចតេជោ ហ៊ុន សែន និងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅពេលនេះ៕

ដោយ ៖ សិលា


ចែករំលែក៖