ព័ត៌មានទាន់ហេតុការណ៍៖

នៅសប្តាហ៍នេះ នាយករដ្ឋមន្ត្រីចិន បំពេញទស្សនកិច្ចនៅរុស្ស៊ីនិងបេឡារុស

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៩ ខែសីហាឆ្នាំ២០២៤បានផ្សាយថា ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងប៉េកាំង បានឱ្យដឹងនាថ្ងៃចន្ទនេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុស ក្នុងសប្តាហ៍នេះ។

ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ចាប់ពីថ្ងៃទី២០ ដល់ទី២៣ ខែសីហា «នាយករដ្ឋមន្រ្តីលោក Li Qiang នៃក្រុមប្រឹក្សារដ្ឋ នឹងធ្វើដំណើរទៅកាន់រុស្ស៉ី ដើម្បីដឹកនាំកិច្ចប្រជុំជាប្រចាំលើកទី២៩ រវាងប្រមុខរដ្ឋាភិបាលចិន-រុស្ស៉ី ហើយបំពេញទស្សនកិច្ចនៅរុស្ស៉ី ព្រមទាំងនៅបេឡារុស»។ ទស្សនកិច្ចនេះ គឺចំពេលដែលចិននិងរុស្ស៊ី បានបង្កើនជាខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូត។

ដោយឡែក ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ធ្លាប់បានបំពេញទស្សនកិច្ច២លើកទៅកាន់ចិនកាលពីឆ្នាំមុន ហើយបានសន្យាថា នឹងធ្វើជាដៃគូគួរឱ្យជឿទុកចិត្ត សម្រាប់ទីក្រុងប៉េកាំង។ បេឡារុសក៏ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ីផងដែរ។ កាលពីខែកក្កដា ប្រទេសបេឡារុស បានចូលរួមជាផ្លូវការក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលដឹកនាំដោយចិននិងរុស្ស៊ី៕ ដោយធីរីណា

រូបថត: AFP


ចែករំលែក៖