ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំអនុគណៈកម្មការសង្គមកិច្ច និងបរិស្ថានក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលចម្រុះនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA)

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល នាថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន លោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្រ្តីបង្គោលវិស័យសុខាភិបាល នៃគណៈកម្មាធិការសម្របសម្រួលចម្រុះតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) អមដោយមន្ត្រីជំនាញនៃ នាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងនាយកដ្ឋានការពារសុខភាព បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការសង្គមកិច្ច និងបរិស្ថាន ក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលចម្រុះនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដែលដឹកនាំដោយ លោក សាបូ អូសាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានអនុគណៈកម្មការ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ និងខេត្ត ទាំង៤ គឺខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងត្រួតពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការសង្គមកិច្ចនិងបរិស្ថាន ដើម្បីបូកសរុបរបាយការណ៍ជូនទៅក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈកម្មាធិការសម្របសម្រួលចម្រុះនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម សម្រាប់តៀមរៀបចំកិច្ចប្រជុំកំពូលលើកទី១២ (12th CLV-DTA Summit) នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៤ ខាងមុខ ៕

ដោយ ៖ សិលា


ចែករំលែក៖