ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាមានមហិច្ឆិតាខ្ពស់ធំធេងណាស់ដែលហ៊ានដាក់ចេញគោលនយោបាយមួយដ៏ធំដើម្បីជួយប្រជាពលរដ្ឋយើង ពោលគឺ៖
ទី១-ធានារ៉ាប់រងផ្នែកសុខភាពគឺសំខាន់ណាស់
ទី២-ធានាឱ្យបងប្អូនគ្រប់គ្នាឱ្យតែខ្មែរមានមុខជំនាញ និងប្រាក់ចំណូល
ទី៣-ពេលជួបគ្រោះអាសន្ន (គ្រោះធម្មជាតិ វិបត្តិសុខភាពសាធារណៈ វិបត្តិម៉ាក្រូសេដ្ឋកិច្ច)រដ្ឋជួយគាំពារ ។
លោក ប៉ែន បូណា បានថ្លែងបន្តថា សព្វគ្រប់បែបយ៉ាងរដ្ឋជួយគាំពារពោលគឺដើម្បីជួយប្រជាពលរដ្ឋ។ លោកបានថ្លែងថា គោលនយោបាយមួយដែលចាប់តាំងពីចាប់កំណើតរហូតដល់ចាស់ជរា រដ្ឋគាំពារ ជាក់ស្តែងបង្កើតជាប្រព័ន្ធគាំពារសង្គមមួយរឹងមាំដើម្បីបងប្អូនប្រជាពលរដ្ឋខ្មែរ។
លោក ប៉ែន បូណា ក៏បានសង្កត់ធ្ងន់ថា អ្នកដែលអង្គុយរិះគន់ អ្នកដែលអង្គុយជេររដ្ឋាភិបាលសូមបើកភ្នែកមើលឱ្យច្បាស់ថា រាជរដ្ឋាភិបាលបានធ្វើអី បើកត្រចៀកស្តាប់គេពន្យល់ថា គេធ្វើអីខ្លះ បើកខួរក្បាលពិចារណាឱ្យបានច្បាស់មុននឹងបើកមាត់។
លោក ប៉ែន បូណា បានថ្លែងដូចនេះនៅក្នុង «វេទិកាសារព័ត៌មានលើកទី៤ ស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ» នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ។
លោក ប៉ែន បូណា បានគូសបញ្ជាក់ និងពន្យល់ចំណុចនីមួយៗយ៉ាងសង្ខេប ប៉ុន្ដែលម្អិតអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេលមួយឆ្នាំគត់នេះ។ សមិទ្ធផលលេចធ្លោចំនួន៦ចំណុច ដែលត្រូវបានបង្ហាញដោយប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនោះរួមមាន៖
-សមិទ្ធផលលេចធ្លោទី១៖ ការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ៖ ហេតុអ្វីបានជាសន្តិភាព និងស្ថិរភាពនយោបាយនៅតែជាសមិទ្ធផលធំដំបូងគេដែលត្រូវរំលេច? ពីព្រោះសន្តិភាព និងស្ថិរភាពនយោបាយនេះបើបាត់បង់ហើយ មិនអាចនិយាយអំពីសមិទ្ធផលអ្វីបានទាំងអស់។ តម្លៃលេចធ្លោនៃព្រឹត្តិការណ៍នេះនៅត្រង់ គឺជាការផ្ទេរអំណាចដោយសន្តិវិធី ដោយរក្សាបានទាំងស្រុងនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ និងជាការផ្ទេរអំណាចពីជំនាន់រាមច្បងទៅឲ្យយុវជនជាលក្ខណៈទ្រង់ទ្រាយធំ ជាសំណុំតែម្តង ដែលព្រឹត្តិការណ៍បែបនេះ កម្រកើតមានណាស់នៅលើពិភពលោកនេះ។
-សមិទ្ធផលលេចធ្លោទី២៖ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិសាសន៍នីមួយៗ។ ដូច្នេះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលះបង់ខ្ពស់ណាស់ និងបង្កើតបានស្នាដៃធំធេងណាស់ ក្នុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ជំហរដាច់ខាត ម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ថ្នាក់ដឹកនាំដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ យើងទាំងអស់គ្នា បានឮជាញឹកញាប់ចេញពីឥស្សរជនថ្នាក់ដឹកនាំទាំងពីរ គឺមិនយកអធិបតេយ្យភាពជាតិទៅដោះដូរជាមួយជំនួយបរទេស ឬភាពអនុគ្រោះណាមួយជាដាច់ខាត ហើយមិនអនុញ្ញាតឲ្យបាត់បង់ដីសូម្បីមួយមីល្លីម៉ែត្រឡើយ។
-សមិទ្ធផលលេចធ្លោទី៣៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសចូលរួមអបអរសាទរយ៉ាងកងរំពង គគ្រឹកគគ្រេង មិនធ្លាប់មាន។ ព្រែកជីកនេះ នឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលមិនត្រឹមតែកម្ពុជាខ្លួនឯងទេ ដែលត្រូវចារទុកក្នុងទំព័រក្រាំងមាសរបស់ខ្លួន សម្រាប់កូនខ្មែរតជំនាន់ទៅមុខទៀតប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល ក៏ត្រូវកត់ត្រាទុកនូវសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាដែរ។
-សមិទ្ធផលលេចធ្លោទី៤៖ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ទី១៖ ការផ្តល់សេវាសុខាភិបាល ឈានទៅរកការគ្របដណ្តប់ជាសាកល, ទី២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេសទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលក្នុងមួយខែ, ទី៣៖ពង្រឹងកម្មវិធីជាតិជំនួយសង្គម, ទី៤៖ យុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ទី៥៖លើកស្ទួយផលិតកម្មកសិកម្ម, រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល ប្រកាសឱ្យអនុវត្តនៅថ្ងៃទី២០ វិច្ឆិកា ២០២៣។
-សមិទ្ធផលលេចធ្លោទី៥៖ វិធានការគន្លឹះទាំង៥ រួមមាន វិធានការគន្លឹះទី១៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, វិធានការគន្លឹះទី២៖ កំណែទម្រង់វិស័យអប់រំ, វិធានការគន្លឹះទី៣៖ កំណែទម្រង់វិស័យសុខាភិបាល, វិធានការគន្លឹះទី៤៖ លើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព, វិធានការគន្លឹះទី៥៖ កំណែទម្រង់យុត្តិធម៌។
-សមិទ្ធផលលេចធ្លោទី៦៖ សម្តេចធិបតីជានាយករដ្ឋមន្ត្រី ជារបស់ប្រជាពលរដ្ឋខ្មែរ សកម្មភាពដ៏សំខាន់មួយរបស់សម្តេច គឺការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ពិធីសំណេះសំណាល សួរសុខទុក្ខ មានទាំងការចុះជួបដោយមានការរៀបចំជាផ្លូវការ និងការចុះជួបដោយស្ងាត់ៗ ដោយមិនបានប្រាប់ជាមុន។ បើសរុបរយៈពេលពេញមួយឆ្នាំនេះ សម្តេចធិបតីបានចុះជួបប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅគ្រប់ទិសទីសរុបជាង១៥០ លើកពោលគឺស្ទើរតែ ៥០% នៃពេលវេលាមួយឆ្នាំ។ នេះមិនទាន់រាប់បញ្ចូលការជួប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមផងទេ។ ដូច្នេះ តាមរយៈទិនន័យនេះ អាចសន្និដ្ឋានបានថា នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំដែលចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ដែលកម្រមានមេដឹកនាំណាក្នុងពិភពលោកអាចធ្វើបាន៕
ដោយ ៖ សិលា