ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យគ្រងគ្រោះមហន្តរាយ៖ មនុស្សស្លាប់ និងរបួសជិត ១០០នាក់ ដោយសារបាតុភូតរន្ទះបាញ់បានកើតឡើងជាង ៩០លើក ក្នុងរយៈពេល ៧ខែ ឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះថា៖ មនុស្សស្លាប់ និងរបួសជិត ១០០នាក់ផ្ទះជាង ២០

ខ្នងរងការខូចខាត និងសត្វគោក្របីជិតជាង ៣០ក្បាលបានងាប់ ដោយសារបាតុភូតរន្ទះបាញ់បានកើតឡើងជាង ៩០លើក ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ ប៉ុន្តែបើធៀបទៅនឹងរយៈពេល ៧ខែ ដូចគ្នាឆ្នាំ២០២៣ ឃើញថាមានការថយចុះគួរឱ្យកត់សម្គាល់។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៩១ លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន ២៦ ខ្នង ស្លាប់មនុស្ស ៤៨ នាក់ និងរងរបួស ៤២ នាក់ ព្រមទាំងងាប់គោក្របីចំនួន ៣៣ ក្បាល។ ក្នុងនោះនៅក្នុងខែកក្កដារន្ទះបាញ់បានកើតឡើងចំនួន ៩ លើក នៅខេត្តចំនួន ៧ រួមមាន ខេត្តកំពង់ស្ពឺ សៀមរាប ព្រះសីហនុ ស្វាយរៀង រតនគីរី ឧត្តរមានជ័យ និងខេត្តកោះកុង បណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់ រងរបួស ៦ នាក់ ងាប់គោក្របី ៧ ក្បាល ព្រមទាំងខូចខាតផ្ទះ ៤ ខ្នង។

លោកអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកស្លាប់ និងរបួសជិត ៩០ នាក់ ក្នុងនោះនៅខេត្តសៀមរាបស្លាប់ ៨ នាក់ របួស ៨ នាក់ បាត់ដំបងស្លាប់ ៦ នាក់ របួស ៦ នាក់ បន្ទាយមានជ័យស្លាប់ ៤ នាក់ របួស ៥ នាក់ ត្បូងឃ្មុំស្លាប់ ៤ នាក់ របួស ៧ នាក់ ព្រៃវែងស្លាប់ ៤ នាក់ ព្រះសីហនុស្លាប់ ៣ នាក់ ឧត្តរមានជ័យស្លាប់ ៣ នាក់ កំពង់ចាមស្លាប់ ២ នាក់ កោះកុងស្លាប់ ២ នាក់ ប៉ៃលិនស្លាប់ ២ នាក់ តាកែវស្លាប់ ២ នាក់ ក្រចេះស្លាប់ ២ នាក់។ ក្រៅពីនេះ ស្លាប់ ១ នាក់ នៅខេត្តស្វាយរៀង កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ មណ្ឌលគីរី និងខេត្តកំពត។

បន្ថែមពីនេះ លោកអ្នកនាំពាក្យ គូសបញ្ជាក់ទៀតថា ចំនួននេះបើធៀបទៅនឹងរយៈពេល ៧ខែ ដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅនេះ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ដោយ ៧ ខែ ឆ្នាំមុន បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ១០០ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥៩ នាក់ រងរបួស ៤៥ នាក់ ខូចខាតផ្ទះ ៧ ខ្នង និងងាប់គោក្របីចំនួន ៨៧ ក្បាល៕ដោយ៖តារា


ចែករំលែក៖